(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានបង្ហាញផ្លែផ្កានៃទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសវៀតណាម។

ថ្លែងក្នុងសន្និសីទធ្វើសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការលើកដំបូង រយៈពេល២ថ្ងៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម, លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាទស្សនកិច្ចមួយខ្លី និងមមាញឹក គឺគ្រាន់តែអញ្ជើញដាក់ជើងជាន់ដល់ដីហាណូយ កាលពីថ្ងៃទី១១ ខែធ្នូ សម្តេចធិបតី ផ្តើមភ្លាមនៃការធ្វើទស្សនកិច្ច។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ និង១យប់ នៅវៀតណាម សម្តេចធិបតី បានជួបជាមួយ នាយករដ្ឋមន្ត្រីវៀតណាម, អគ្គលេខាធិការបក្សកុម្មុយនីស្តរបស់វៀតណាម, ប្រធានរដ្ឋវៀតណាម, ប្រធានរដ្ឋសភាវៀតណាម, ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំលេខាទី១។

ទន្ទឹមនឹងនេះដែរ លោកបានបន្ថែមថា ដូចរាល់ដងដែរ នៅពេលដែលអញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែឆ្លៀតជួបពិភាក្សាជាមួយវិស័យឯកជន ដើម្បីស្វែងរកប្រយោជន៍សេដ្ឋកិច្ច មកជូនប្រជាជាតិកម្ពុជា ក្នុងគោលដៅទាក់ទាញក្រុមហ៊ុនវៀតណាម ឱ្យបង្កើនការដាក់ទុនវិនិយោគនៅកម្ពុជា ឬបញ្ចុះបញ្ចូលឱ្យក្រុមអ្នកវិនិយោគិនទាំងនោះមកសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា។

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ឆ្លៀតធ្វើជាអធិបតីភាព ក្នុងវេទិកាលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា និងវៀតណាម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាមចំនួន៦ រួមមាន៖ ក្រុមហ៊ុន VIETTEL, ក្រុមហ៊ុន VIETJET Group, ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម, ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម, ក្រុមហ៊ុន THACO និងក្រុមហ៊ុន Vingroup Corporation ជាដើម ដោយបានបង្ហាញក្តីរីករាយ ដែលមានឱកាសបានចូលជួបសម្ដេចធិបតី។

«សម្តេចធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម ក៏បានចូលរួមធ្វើជាសាក្សី ក្នុងការចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបបត្តិការមួយចំនួន ដូចជាលើវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា នវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ជាមួយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម។ នាឱកាសនោះដែរ ក៏បានការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត និងទំនាក់ទំន​ងកម្ពុជា និងបណ្ឌិត្យសភាការទូតវៀតណាម»។ នេះជាការគូសបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ។ បន្ថែមពីនេះមន្រ្តីជាន់ខ្ពស់ខាលើក៏បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាមផងដែរ។

តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម ត្រូវបានលោក តាន់ ហ្សង់ហ្វ្រង់ស័រឱ្យដឹងថា សម្តេចធិបតី បានបញ្ជាក់នូវការមិនផ្លាស់ប្តូរនយោបាយការបទេសរបស់កម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំវៀតណាម នោះ គឺការបន្តរក្សាមិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងគ្នានិងគ្នា។

លោកបានបន្តថា សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម គិតមកដល់ឆ្នាំ២០២២ គឺមានទំហំប្រមាណជាង ១០ប៊ីលានដុល្លារ ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរចង់ឃើញទំហំពាណិជ្ជកម្មកើនឡើងដល់២០ប៊ីលាន នៅឆ្នាំ២០៣០ខាងមុខ។ ប្រទេសទាំងពីរកំពុងបន្តពន្លឿនគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកប៉ៃ។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងចំពោះមុខថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម អំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសការបង្កើនយន្តការនៃសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រីភាគី ខណៈបញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ គឺសល់តែ១៦ភាគរយប៉ុណ្ណោះ នឹងត្រូវបញ្ចប់៕