(ភ្នំពេញ)៖ កម្ពុជាគ្រោងចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយប្រទេសម៉ាឡេស៊ី នៅខែតុលា ឆ្នាំ ២០១៦ ខាងមុខ ក្នុងគោលបំណងជំរុញឱ្យម៉ាឡេស៊ី បង្កើនការវិនិយោគបន្ថែម លើវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ ត្រូវធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោក Dato Sri Hasan Malek ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋមន្រ្តី ថោង ខុន បានស្នើឱ្យម៉ាឡេស៊ីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ភាគីទាំងពីរក៏គ្រោងរៀបចំ ឱ្យមានការចុះអនុស្សារណៈនៃ ការយោគយល់គ្នាមួយ នៅខែតុលា ឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើនការវិនិយោគបន្ថែម ក្នុងវិស័យទេសចរណ៍។
ក្រៅពីនេះ លោករដ្ឋមន្រ្តី ក៏បានស្នើភាគីម៉ាឡេស៊ី ជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដើម្បីចែករំលែកបទពិសោធន៍ដល់មន្រ្តីកម្ពុជា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អលើវិស័យនេះ។
លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានជើងហោះហើរ មកកម្ពុជាបន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ខណៈបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន អាកាសចរណ៍ Malaysia Airline និងក្រុមហ៊ុន Air Asia បានបើកជើងហោះហើរ ត្រង់ពីទីក្រុងកូឡាឡាំពួរ មករាជធានីភ្នំពេញ បាន២ជើងក្នុងមួយថ្ងៃ, និងពីកូឡាឡាំពួរ មកខេត្តសៀមរាប បានត្រឹម១ជើងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត Dato Sri Hasan Malek ក៏បានយល់ស្របនឹងកិច្ចសហប្រតិបត្តិការ នេះដែរ ហើយលោកនឹងជួយជំរុញកិច្ចការខាងលើ ឱ្យកាន់តែប្រសើរជាមួយកម្ពុជា។
សូមជម្រាបថា រយៈពេល៦ខែដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន២,៣៦០,៩៣២នាក់ ក្នុងនោះមានភ្ញៀវម៉ាឡេស៊ី ជាង៧១ 000នាក់ កើន២,៤%ផងដែរ៕