(ស្ទឹងត្រែង)៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១២ធ្នូរឆ្នាំ ២០២៣នេះ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% ដំណាក់កាលទី២ ការងារថែទាំផ្លូវជាប្រចាំដោយក្រាលក្រួសក្រហមល្បាយក្រួសអាចម៍ផ្កាយចំនួន ០៥ខ្សែ មានប្រវែង៨៥.៥០០ម៉ែត្រ ដែលទទឹងខ្នង ៦ម៉ែត្រ ស្ថិតនៅស្រុកចំនួន០៣រួម ស្រុកបុរីអូរស្វាយសែនជ័យ  ស្រុកសេសាន  និងស្រុកថាឡាបរិវ៉ាត់។

ផ្លូវទាំង៥ខ្សែនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ ក្នុងដំណើរចុះត្រួតពិនិត្យ ក៏មានអញ្ជើញអមដំណើរដោយលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក នួន ដាញ៉ិល បានលើកឡើងថា ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះ ការស្តារ និងកែលម្អផ្លូវលំ តាមភូមិ ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ នឹងឃុំ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ និងពីឃុំមួយ ទៅឃុំមួយ ព្រមទាំងងាយស្រួលដល់ការដឹកជញ្ជូនដំណាំកសិផលកសិកម្មទៅកាន់ទីផ្សារ និងបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់ មានជំងឺងាយស្រួលដឹកទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជៀសវាងហានិភ័យផ្សេងៗដល់អ្នកជំងឺ និងប្រជាពលរដ្ឋ ជាពិសេសទៀតនោះងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរ ទៅសិក្សានៅឯសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋ ទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម។

លោក នួន ដាញ៉ិល បានបញ្ជាក់បន្ថែមថា ចំពោះការអភិវឌ្ឍនានា ដែលមានឡើងមកសព្វថ្ងៃនេះ គឺដោយសារតែប្រទេសមានសុខសន្ដិភាពពេញពេល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋលេខាធិការ បានបន្តថា ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ដែលមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព អំពាវនាវអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនត្រូវចូលរួមឱ្យបានសកម្ម ក្នុងការថែរក្សាផ្លូវពិសេសចូលរួមក្នុងការទប់ស្កាត់ឱ្យបាននូវការផ្ទុកលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។

សូមបញ្ជាក់ផងដែរថា ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗ រួចមកជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ហើយជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានទទួលយក១០០% ដំណាក់កាលទី២៕