(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបង្ក្រាបបានកាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅ នៅសួនច្បារវត្តបុទុមវត្តី ស្ថិតក្នុងខណ្ឌដូនពេញ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។ ប៉ុន្ដែប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ រងរបួសមួយគ្រាប់ដោយសារក្រុមចោរបាញ់តដៃ។

ជនសង្ស័យទាំងពីរនាក់ ដែលបង្ក្រាបបានឈ្មោះ ប្រឹង សំណល់ ហៅរស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងឈ្មោះ ធី សារឿន អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន ពួកគេបានឆ្លើយសារភាពថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ព្រឹក ពួកខ្លួនបានជិះម៉ូតូ០១គ្រឿង ម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ។

រហូតដល់វេលាម៉ោងប្រហែល០៤៖៣០នាទីរសៀល ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូង បានឃើញម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាង ហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់ករបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ។

ពេលលក់បានហើយពួកខ្លួន ក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល៨យប់ ពេលមកដល់ម្ដុំសួនច្បារវត្តបទុមវត្តី ក៏បានឃើញម៉ូតូ១គ្រឿង ម៉ាក C125 ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លី ដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់ រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ។

ពេលកំពុងធ្វើសកម្មភាពកាច់ករបានសម្រេច ហើយបម្រុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ចទៅដល់ ពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ ចំពោះអាវុធខ្លីគឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់កម៉ូតូជាមួយគ្នា ហើយឈ្មោះ ពៅ នេះគឺត្រូវបានប៉ូលីសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ។

ក្រៅពីសកម្មភាពលួចកាច់កម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់នៅខេត្តតាកែវ។

បច្ចុបប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕