(ស្វាយរៀង)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអមដំណើរដោយ លោក ឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ចំនួន២គម្រោង។

យោងតាមមន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តស្វាយរៀង ចំនួន ២ខ្សែ ដោយខ្សែទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៥,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហម ទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ខ្សែរទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៣,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមុខមុខមួយ ចំនួន៩កន្លែង លូមុខពីរ ចំនួន ០១កន្លែង ស្ថិតនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

លោក ជា ស្រ៊ុន បានថ្លែងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃដើម្បីធានាឱ្យការអនុវត្តការងារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធានាឱ្យមានប្រសិទ្ធិភាពក្នុងការស្ថាបនាផ្លូវកាន់តែមានគុណភាព និងសោភ័ណភាព។

លោកបានបញ្ជាក់ថា ការស្ថាបនាផ្លូវជនបទនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់សាលារៀន មណ្ឌលសុខភាព និងជាពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

លោកក៏បានផ្ដាំផ្ញើដល់ក្រុមមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅតំបន់នោះ ចូលរួមថែរក្សា និងការពារសមិទ្ធផលទាំងនេះដើម្បីការប្រើប្រាស់បានគង់វង្ស និងយូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់យើងទាំងអស់គ្នា៕