(ភ្នំពេញ)៖ ក្រុមយុវជនវប្បធម៌ចាម្ប៍មួយក្រុម បានសហការគ្នាបង្កើតទិវានំប្រពៃណីចាម្ប៍សម្រាប់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីបង្ហាញសាធារណជន ក៏ដូចជាចូលរួមចំណែកអភិរក្សអត្តសញ្ញាណពួកគេ ដែលជាផ្នែកមួយនៃវប្បធម៌ចម្រុះដ៏សម្បូរបែបនៅកម្ពុជា។
ពិធីនេះមានអ្នកចូលរួមមានប្រមាណ ៣០០នាក់ ជាមួយនឹងការដង្ហែក្បួននំអមដោយភ្លេងស្គរបាណា ឬស្គរយីកេរចាម្ប៍ ដែលប្រគុំដោយយុវជនចាម្ប៍មកពីសហគមន៍ពួកគេក្នុងសម្លៀកបំពាក់បែបប្រពៃណីបុរាណកាល។
លោក អាពូ បាកាអាពូ តលិប តំណាងក្រុមយុវជនវប្បធម៌ចាម្ប៍ បានថ្លែងថា «ទិវានំប្រពៃណីចាម្ប៍ គឺជាការចូលរួមមួយចំណែកក្នុងការលើកស្ទួយ និងផ្សព្វផ្សាយអំពីវប្បធម៌ចម្រុះរបស់កម្ពុជា។ លើសពីហ្នឹងទៅទៀត តាមរយៈទិវាហ្នឹង ក្រុមយុវជនចាម្ប៍ និងក្រុមយុវជននៃជនជាតិផ្សេងៗទៀត មានឱកាសជួបគ្នា ផ្លាស់ប្ដូរចំណេះដឹងវប្បធម៌គ្នាដែលជាគ្រឹះដ៏សំខាន់របស់សុខដុមនីយកម្មនៃកម្ពុជា»។
លោកថា៖ «ប្រាកដណាស់ យើងកម្រនឹងមានឱកាសសិក្សាស្វែងយល់អំពីវប្បធម៌ចាម្ប៍កម្ពុជា លើកលែងតែអ្នកដែលនៅក្បែរៗ សហគមន៍ចាម្ប៍ទេ។ ក្រុមយុវជនចាម្ប៍ព្យាយាមធ្វើឱ្យយ៉ាងណា នាំយកវប្បធម៌របស់ខ្លួនដើម្បីបង្ហាញសាធារណជននៅរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ទុកដូចជាការចែករំលែក។ ដើម្បីឡើយ យើងមិនឃើញមានការរួបរួមបែបនេះទេក្រៅពីពិធីសាសនា (សាសនាឥស្លាម)»។
លោកបានអះអាងថា នំប្រពៃណីចាម្ប៍នេះ គឺបង្រៀនតៗគ្នារាប់សតវត្សរ៍មកហើយ, វាប្រហែលជាសិល្បៈចម្លាក់ផងក៏មិនដឹង។ យើងមិនមានឯកសារជាក់លាក់ណាមួយបញ្ជាក់ទេ តែតាមរយៈការអង្កេតតាមចម្លាក់នានារបស់ប្រាសាទបុរាណរបស់ចាម្ប៉ា គេឃើញមានផ្កាផ្ញីស្រដៀងៗគ្នា និងក្បាច់នំនេះដែរ។ ការស្រាវជ្រាវគួរតែធ្វើ ដើម្បីចងក្រងជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ។
«ក្នុងនាមខ្ញុំជាជនជាតិចាម្ប៍ ខ្ញុំសង្កេតឃើញថា ក្បាច់នំបានវិវត្តកាន់តែសំបូរបែប ហើយក៏មានក្បាច់នំខ្លះៗស្ទើរបាត់បង់។ បើសំដៅដល់ប្រភេទនំទៀត ជនចាម្ប៍មានរបៀបដោយឡែកៗពីគ្នាទៅតាមតំបន់។ នេះហើយដែលធ្វើឱ្យវប្បធម៌ចាម្ប៍កាន់តែសំបូរបែប»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អាពូ បាកាអាពូ តលិប។
លោកបានបន្តថា ឆ្នាំ២០២៣ នេះជាឆ្នាំទី២ នៃទិវានំប្រពៃណីចាម្ប៍នេះដែលគោលបំណងចម្បងរបស់កម្មវិធីនេះ គឺបង្រួបង្រួមយុវជនចាម្ប៍ក្នុងចំណោមយុវជនចាម្ប៍ យុវជនចាម្ប៍ និងយុវជនមកពីសាសន៍ផ្សេងៗទៀត។
លោកក៏បានស្នើរដល់រាជរដ្ឋាភិបាលគួររៀបចំឱ្យមានទិវានំនេះជាផ្លូវការ។ បើមានមែននោះជនជាតិភាគតិចផ្សេងៗទៀតនឹងមានលទ្ធភាពមកបង្ហាញវប្បធម៌របស់ខ្លួន។ ការបង្ហាញពីវប្បធម៌ជនជាតិភាគតិចមិនមែននាំឱ្យសង្គមជាតិបាក់មុខមាត់នោះទេ ផ្ទុយទៅវិញជាការជួយលើកមុខមាត់សង្គមជាតិទាំងមូល ជាពិសេសជួយកសាងគ្រឹះនៃសុខដុមនីយកម្មជូនជាតិទៀតផង៕