(កំពង់ចាម)៖​ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ ផ្លូវក្រាលក្រួសក្រហមចំនួន២០ខ្សែ ប្រវែងសរុប ១២១,៦២០ម៉ែត្រ នៅខេត្តកំពង់ចាម និងបានឯកភាពទទួលយកលទ្ធផលការងារថែទាំផ្លូវរបស់មន្ទីរ១០០%។

គួរឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទអោយកាន់តែប្រសើរឡើងថែមទៀត ហើយសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីលោករដ្ឋមន្រ្តី លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវក្រាលក្រួសក្រហម ចំនួន២០ខ្សែ ប្រវែងសរុប ១២១,៦២០ម៉ែត្រ ដែលទទឹងខ្នងលើ ៤ម ៥ម  ៦ម និង៧ម ស្ថិតក្នុងស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទទួលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងប្រើប្រាស់ថវិកាជាតិជំពូក៦១។

លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួងជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវក្រាលក្រួសក្រហមចំនួន ២០ខ្សែ ប្រវែងសរុប ១២១,៦២០ម៉ែត្រ ខាងលើថា មន្ទីរអភិវឌ្ឍន៍ជនបទតែងតែយកចិត្តទុកដាក់ និងបានខិតខំបំពេញការងារថែទាំផ្លូវជាប្រចាំដោយសម្រេចលទ្ធផលបានតាមបទដ្ឋានបច្ចេកទេស និងគុណភាពតាមសៀវភៅកិច្ចសន្យា។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងអំពីការងារថែទាំប្រចាំផ្លូវក្រាលក្រួសក្រហមចំនួន ២០ខ្សែ ប្រវែងសរុប ១២១,៦២០ម៉ែត្រ, លោក ផូ ផារិទ្ធ បានសម្តែងការកោតសរសើរដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួង ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលថែទាំផ្លូវក្រាលក្រួសក្រហមទាំង២០ខ្សែនោះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះអោយបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕