(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ដល់មាតុភូមិកម្ពុជាវិញហើយនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការដ៏មមាញឹករយៈពេលពីរថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ានទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ។
ទស្សនកិច្ចនៅប្រទេសវៀតណាម មានគោលដៅចម្បងក្នុងការពង្រឹងពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានអាយុកាល៥៦ឆ្នាំហើយនោះ។ កាន់តែសំខាន់ទៀតនោះ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត គ្រាដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន ១១ពាន់លានដុល្លារអាមេរិករួចហើយនោះ។
ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ដ្បិតថាមានរយៈពេលត្រឹមតែពីរថ្ងៃតែមានជំនួប និងកម្មវិធីជាច្រើនជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ប្រធានក្រុមហ៊ុនធំៗរបស់វៀតណាម រួមទាំងកម្មវិធីពាក់ព័ន្ធការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ង្វៀន ហ្វូ៊ចុង អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម, លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម, លោកស្រី ង្វៀន ធី ថាញ់ សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិករដ្ឋសភា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA)។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Bui Quang Huy លេខាធិការទី១ សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្នុងជំនួបជាមួយមេដឹកនាំកំពូលរបស់វៀតណាម ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំរបស់វៀតណាម បានពិភាក្សាការផ្តោតជាសំខាន់ទៅលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចជាដើម។ គ្រប់ជំនួបជាមួយមេដឹកនាំវៀតណាម សម្តេចធិបតី បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច គឺការបន្តរក្សាទំនាក់ទំនងល្អជាមួយវៀតណាម ដោយមិនមានអ្វីប្រែប្រួលនោះឡើយ។
គ្រប់ជំនួបមេដឹកនាំរបស់វៀតណាម សុទ្ធតែបានសម្តែងការអបអរសាទរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងជាអនុប្រធានបក្ស។
នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសសម្តេចធិបតី មិនដែលរំលងឡើយការជួបជាមួយវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់វៀតណាមចំនួន៦ ដែលក្នុងនោះមានក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជាផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន ដែលសម្តេចធិបតី បានជួបនោះ រួមមាន៖ លោក តាវ ឌុច ថាង ប្រធានអគ្គនាយកក្រុមហ៊ុន Viettel, លោក ង្វៀន ថាញ់ ហ៊ុង ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group, លោក ជិន កុងខា ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG), លោក ផាន ឌុច ទូ ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV), លោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកក្រុមហ៊ុន VINGROUP។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់និស្សិតរបស់វៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស (Foreign Trade University)។ ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីចក្រភពអង់គ្លេស បានថ្លែងផ្តោតលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីរួមគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣។ វេទិកានេះ មានគោលដៅសំខាន់ក្នុងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ទៅប្រមាណ ១១ពាន់លានដុល្លារអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗចំនួន៣ត្រូវបានចុះហត្ថលេខារួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។
ក្រៅពីឯកសារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋហើយនោះ ក៏មានកិច្ចព្រមព្រៀងរវាងវិស័យឯកជន និងឯកជនមួយទៀតត្រូវបានចុះហត្ថលេខាផងដែរ គឺការហោះហើរត្រង់ពីក្រុងហាណូយ ប្រទេសវៀតណាម មកកាន់ក្រុងសៀមរាប ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងហោះហើរត្រង់រវាងក្រុងហាណូយ មកកាន់ក្រុងសៀមរាប គឺជាការកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកការធ្វើដំណើររបស់អ្នកទេសចរកាន់ទីក្រុងទេសចរណ៍វប្បធម៌របស់កម្ពុជា៕