(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តឱ្យសមាគមសារព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។

ការជំរុញបែបនេះ របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោក បានអនុញ្ញាតសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION)​ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ចូលជួបពិភាក្សាការងារ។

ការជួបពិភាក្សាការងារជាមួយសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន គឺក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់ដឹងពីតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានធ្វើរលឹកដល់បងប្អូនដែលស្រឡាញ់ចូលចិត្តក្នុងវិស័យសារព័ត៌មាន គួរតែមកធ្វើការចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បីទទួលការការពារដោយស្របច្បាប់។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជម្រាបជូនមា្ចស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីការធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាន ឱ្យបានល្អ អាចដំណើរការផ្សាយទៅមុខទៀត។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា បច្ចុប្បន្ន អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ ទាំងអស់មានជាង ១មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០អនឡាញទៀតនៅមិនទាន់ចុះបញ្ជី។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «លើការជួយដល់បងប្អូនសាេព័ត៌មាន រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាប័ណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ជិត ១ពាន់អង្គភាព»។

លោក នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់។

លោករដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី, ក្រសួងព័ត៌មាន បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ %។ ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន។

ទន្ទឹមនេះដែរ លោកក៏បានជំរុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើប័ណ្ណ ប.ស.ស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកគាំពារសុខភាព។

ក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទព័ត៌មាន និងល្បឿននៃព័ត៌មានអោយលឿន គឺជាចំណុចសំខាន់ដែលអាចឱ្យស្ថាប័នសារព័ត៌មានបន្តដំណើរការទៅមុខបាន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់។

ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានទើបបង្កើតឡើងមានរយៈពេលជាង ១ ឆ្នាំមកហើយ ដោយការរូបរួម និងឯកភាពគ្នា រវាងអង្គភាពសាព័ត៌មានគេហទំព័រ និងទូរទស្សន៍អនឡាញជិត៥០អង្គភាព នាពេលបច្ចុប្បន្ននេះ ហើយសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕