(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ ផ្លូវក្រាលក្រួសក្រហម ចំនួន១៦ខ្សែ ប្រវែងសរុប ១០៤,៤០០ម៉ែត្រ នៅខេត្តកំពត និងបានឯកភាពទទួលយកលទ្ធផលការងារថែទាំផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ១០០%។

ពិធីនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងសហការីពាក់ព័ន្ធមួយចំនួនផងដែរ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូរអន្តរក្រសួងជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវក្រាលក្រួសក្រហមចំនួន ១៦ខ្សែ ប្រវែងសរុប ១០៤ ៤០០ម៉ែត្រ ខាងលើថា មន្ទីរអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ និងបានខិតខំបំពេញការងារថែទាំផ្លូវជាប្រចាំ និងសម្រេចលទ្ធផលដូចខាងក្រោម៖ ការងារថែមក្រួសក្រហម (102-MLR) សម្រេចបាន ១០០%, ការងារកៀរផ្លូវក្រហម (103-MLR)សម្រេចបាន ១០០%, ការងារបំពេញដីតាមជើងទេរ (105-MLR) សម្រេចបាន ១០០%។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួងក្នុងការបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក ១០០% ចំពោះលទ្ធផលថែទាំផ្លូវក្រាលគ្រួសក្រហមទាំង១៦ខ្សែនោះ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដែលទទួលភារកិច្ចថែទាំបន្ត ផ្លូវខាងលើត្រូវសហការ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការថែទាំ ឱ្យបានល្អប្រសើរ ត្រូវមានការយាមកាម កុំអោយមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ ដើម្បីរក្សាគុណភាពផ្លូវអោយជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន។

គួរបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហម ចំនួន ១៦ខ្សែ ប្រវែងសរុប ១០៤,៤០០ម៉ែត្រ ដែលទទឹងខ្នងលើ ៤ម៉ែត្រ, ៤,៥ម៉ែត្រ, ៥ម៉ែត្រ, ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតក្នុងឃុំជម្ពូវ័ន្ត ឃុំតាកែន ឃុំបឹងនិមល ឃុំឈូក ឃុំមានរិទ្ធ ឃុំដងទង់ ឃុំខ្ចាយខាងជើង ឃុំខ្ចាយខាងត្បូង ឃុំទទុង ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំព្រៃថ្នង ឃុំបន្ទាយមាសខាងកើត ឃុំត្នោតចុងស្រង់ ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ និងស្រុកបន្ទាយមាសខេត្តកំពត ដែលទទួលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត៕