(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញផ្តល់សន្ទរកថាបើកក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Huawei Technology ជាមួយមូលនិធិអាស៊ាន និងជាមួយមជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល។

ការចុះហត្ថលេខានេះ គឺដើម្បីបន្តកិច្ចសហការស្តីពីការផ្តល់អំណាចដល់យុវជន ក៏ដូចជា៖ ផ្តោតលើបរិវត្តកម្មថាមពលប្រកបដោយចីរភាពផងដែរ។

ហើយនៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Shaikh Daij Isa duaij Hamad AlKhalifa ប្រធានក្រុមប្រឹក្សាអាស៊ាន-បារ៉ែន។

កិច្ចប្រជុំនេះបានរិះរកវិធីដើម្បីបង្កើនបន្ថែមទៀតនូវពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហការធុរកិច្ចរវាងអាស៊ាន និងបារ៉ែន ដើម្បីឱ្យប្រជាជនទាំងសងខាងអាចទទួលបានផលប្រយោជន៍កាន់តែច្រើនពីតំបន់ទាំងពីរ។

ពិធីទាំងពីរខាងលើនេះ បានធ្វើឡើងលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕