(ហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍ វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះលោក ផាន ឌុច ទូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ធនាគារ BIDV ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ហើយនៅក្នុងប្រទេសកម្ពុជា ធនាគារ BIDC ក៏មានសកម្មភាពអាជីវកម្មផ្សេងទៀត ក្រៅពីសេវាកម្មធនាគារ ដើម្បីគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។ លើសពីនេះ ធនាគារក៏បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យធនាគារ និងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំរបស់ធនាគារ BIDV និងបានសម្តែងនូវការអរគុណ ចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ហើយដែលក្នុងរយៈកាលកន្លងមកនេះ ធនាគារ BIDV បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីកវិសាលភាពនៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនដល់អតិថិជន នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត។

ដោយឡែក សម្តេចធិបតីក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែករបស់ធនាគារ BIDV នៅក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជា៕