(ស្វាយរៀង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សំ នីតូ ប្រធានអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលលើការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលទី២ ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ 

លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានប្រាប់ Fresh News ឲ្យដឹងថា ថ្ងៃនេះក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះវាយតម្លៃប្រគល់ទទួលលើការងារថែទាំផ្លូវជាប្រចាំ ដំណាក់កាលទី២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រួមមាន៖

*ទី១៖ ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០៣ខ្សែ ប្រវែងសរុប ៥៣០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំចក ឃុំស្វាយរំពារ ឃុំគគីរសោម ឃុំព្រៃតាអី ឃុំពពែត ឃុំច្រកម្ទេស ឃុំកំពង់ចំឡង ឃុំព្រៃគគីរ និងឃុំច្រេស ស្រុករំដួល ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

*ទី២៖ ការងារថែទាំផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាលខ្សាច់ភ្នំ ចំនួន ១៤ខ្សែ ប្រវែងសរុប ១០៧៦៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំកំពង់ត្រាច ឃុំសំបួរ ឃុំអំពិល ឃុំគគីរ ឃុំចន្ត្រី ឃុំម្រាម ឃុំអង្គតាសូ ឃុំស្វាយអង្គ ឃុំអំពិល ឃុំថ្នាធ្នង់ ឃុំអណ្តូងត្របែក ឃុំត្រពាំងស្តៅ ស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក សំ នីតូ បានបញ្ជាក់ថា បន្ទាប់ពីគណៈកម្មការអន្តរក្រសួង បានពិនិត្យ និងប្រជុំវាយតម្លៃ។ ជាលទ្ធផល បានឯកភាពសម្រេចវាយតម្លៃ ទទួលយកការងារថែទាំប្រចាំ ដំណាក់កាលទី២ សម្រេចបាន១០០ភាគរយផងដែរ៕