(ភ្នំពេញ)៖ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ស.ស.ស.ក នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក ជួបសំណេះសំណាល សម្ដែងការគួរសម ជាមួយលោករដមន្ដ្រី ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។
លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ការជួបសម្ដែងការគួរសមនេះដែរ ក្នុងគោលបំណងឲ្យ លោករដ្ឋមន្ដ្រី ផ្ដល់អនុសាសន៍មួយចំនួន ក្នុងការបន្ដដំណើរទៅមុខទៀត សម្រាប់ជួយគាំពារអ្នកសារព័ត៌មាន ដែលជាសមាជិក និងជួយការងារសង្គមផងដែរ។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនូវការស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលទើបបង្កើតថ្មីនេះ។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៀតថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលបង្កើតឡើងនេះ នឹងជួយរួមចំណែកលើកកម្ពស់ វិស័យព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនឡើង ថែមទៀត។
សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបាន បង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើផលប្រយោជន៍អ្នកសារព័ត៌មាន។
សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មានភ្នំពេញថែមស៍៕