(ភ្នំពេញ)៖ ក្រុមការងារជញ្ជីងចល័តដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រួមទាំងកងកម្លាំងពាក់ព័ន្ធ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១១០ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើក្រុមការងារបានឃាត់ចាប់រថយន្តដឹកលើសទម្ងន់ចំនួន៤ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ រហូតដល់៩តោន។ រថយន្តល្មើសទាំង៤គ្រឿង បានដឹកលើស២០ភាគរយ នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹង បំផុតដោយគ្មានការលើកលែងឡើយ៕