(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ សាកសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការរិនី ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តដឹកប្រេងបុកជាមួយម៉ូតូ រួចបានជ្រុលចង្កូតទៅបុកបន្តជាមួយរថយន្តដឹកកម្មករនៅលើផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ដោយបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ (អ្នកបើកបរម៉ូតូ ) ហើយកម្មករ-កម្មការរិនីរបួសចំនួន៤៣នាក់ ក្នុងនោះមានម្នាក់មានផ្ទៃពោះ៩ខែផងដែរ ដោយឡែកអ្នកបើកបររថយន្តដឹកកម្មករ បានរងរបួសបាក់ជើងទាំងសងខាង។

លោក វ៉ី សំណាង បានសោកស្តាយចំពោះករណីគ្រោះថ្នាក់ជាយថាហេតុខាងលើនេះ។ លោកក៏ទទូចឲ្យអ្នកបើកបរត្រូវបើកបរគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានភ្ជាប់ខ្ជួនជាទីបំផុត ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងបែបនេះ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា កាលណាជួបករណីខាងលើនេះ ធ្វើឲ្យបងប្អូនបាត់បង់ពេលវេលាធ្វើការ និងរកទទួលទាន ព្រមទាំងខូចខាតទ្រព្យសម្បត្តិ រងរបួសរហូតបាត់បង់ដល់អាយុជីវិតថែមទៀត ដូច្នេះអ្នកបើកបរជាអ្នក ទទួលខុសត្រូវ លើអាយុជីវិតបងប្អូនចំពោះអ្នកជិះលើរថយន្តត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ដាច់ខាត។ ក្នុងនោះសាខាកាកបាទក្រហមខេត្តបានផ្តល់ជូនក្នុង១នាក់ទទួលបានថវិកា ៥០,០០០រៀល និងអ្នកជំងឺទូទៅ ចំនួន ៦នាក់ ក្នុង១នាក់ ៥០,០០០រៀល៕