(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេច នឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សម្តេច និងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា « ខ្ញុំនឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រមាថ ធ្ងន់ធ្ងរដល់ខ្ញុំ និងគ្រួសារខ្ញុំឡើយ ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ»។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកភាពឈឺចាប់ រឿងគេប្រមាថសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ជាប្រពន្ធមេដឹកនាំវៀតណាម ឡេដឹកថ និងប្រមាថលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់ ឡេដឹកថ។
សម្តេចថានេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។ និយាយដល់រឿងនេះ សម្ដេចតេជោ បានបង្ហាញអារម្មណ៍សោកស្តាយ ដោយអមនឹងទឹកភ្លែករលីងរលោង នៅពេលរលឹកដល់ការឈឺចាប់ រឿងការប្រមាថ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនប្រុសរបស់សម្តេចបែបនេះ
។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់ព្រះមហាក្សត្រ លើកលែងទោសឱ្យ លោក សម រង្ស៊ី រហូតអាចវិលចូលប្រទេសកម្ពុជាវិញ ជិតដល់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ កាលពីអំឡុងឆ្នាំ២០១៣កន្លងមកនេះ។ ការលើកលែងទោសដល់ លោក សម រង្ស៊ី កាលនោះ ជាពេលវេលាមួយ ធ្វើឲ្យ ប្រធានគណបក្សប្រឆាំងរូបនេះ អាចវិលចូលប្រទេសកម្ពុជាវិញ ដើម្បីប្រឡូកក្នុងឆាកនយោបាយជាផ្លូវការ៕