(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីភាពអនាធិបតេយ្យរបស់អាជីវករលក់ដូរមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះរៀបចំសណ្តាប់ធ្នាប់ការលក់ដូររបស់អាជីវករនៅក្នុងក្រុងកំពង់ឆ្នាំង ចាប់ពីចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្បែរវិមានឯករាជ្យ រហូតមកដល់ចំណុចផ្លូវបំបែកជាប់ខាងត្បូងផ្សារលើ និងបន្តរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចផ្សារក្រោមជួរមាត់ទន្លេផងដែរ។

ការរៀបចំសណ្ដាប់ធ្នាប់ដល់អាជីវករលក់ ដូរខាងលើនេះ គឺសមត្ថកិច្ចបានកំណត់ឲ្យអាជីវករដាក់សម្ភារលក់ដូរមិនឱ្យហៀរមកចូលដល់ចិញ្ចើមថ្នល់នោះឡើយ ដោយបានកំណត់ការដាក់សម្ភារលក់ត្រឹមតែការ៉ូឡា​ពីលើចិញ្ចើមផ្លូវតែប៉ុណ្ណោះ។

ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផង និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងផងដែរ។ ករណីរៀបចំសណ្ដាប់ធ្នាប់នៅចំណុចទីតាំងទាំង២ខាងលើនេះ កន្លងមកសមត្ថកិច្ចក៏ធ្លាប់បានចុះធ្វើការរៀបចំ និងណែនាំដល់អាជីវករលក់ដូរឱ្យពួកគាត់ដាក់អីវ៉ាន់លក់ដូរត្រឹមដែនកំណត់ ដែលសមត្ថកិច្ចបានកំណត់ជូនពួកគាត់ ជាច្រើនលើកមកហើយដែរ។

ដោយឡែកអាជីវករលក់ត្រី និងបន្លែនៅចំណុចផ្លូវបំបែកខាងត្បូងផ្សារលើ បានឲ្យដឹងដែរថា មូលហេតុដែលពួកគាត់នាំ គ្នាចេញមកលក់បន្លែត្រីសាច់នៅខាងក្រៅផ្សារដូចនេះ ដោយសារតែនៅខាងក្នុងផ្សា រពួកគាត់លក់មិនដាច់មិនមានអតិថិជនចូលទៅទិញទើបពួកគាត់នាំគ្នាចេញមកលក់នៅលើដងផ្លូវខាងក្រៅផ្សារវិញ។

ជុំវិញករណីខាងលើនេះដែរ លោក ទុយ ចន្ទ្រា នាយរងការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ថា ដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ កម្លាំងរបស់លោកបានចុះរៀបចំសម្រាប់ធ្នាប់ទៅលើទីតាំងផ្សារចំនួន២ ដោយទីតាំងទី១ គឺចាប់ពីចំណុចមុខផ្សារលើវិមានឯករាជ្យ រហូតមកដល់ផ្លូវបំបែកជាប់ខាងត្បូងផ្សារលើ និងទីតាំងទី២ គឺចំ ណុចផ្សារក្រោមជួរមាត់ទន្លេ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការរៀបចំសម្រាប់ធ្នាប់កន្លងមកកម្លាំងសមត្ថ កិច្ចរបស់លោកគាត់ធ្លាប់បានចុះអប់រំណែនាំដល់អាជីវករលក់ដូរតាមបណ្ដាផ្សារមួយចំនួន នៅក្នុងក្រុងកំពង់ឆ្នាំងនេះជាញឹកញាប់ផងដែរ។

ដោយឡែកថ្ងៃនេះគឺកម្លាំងសមត្ថកិច្ចរបស់លោកបានណែនាំដល់អាជីវករលក់ដូរតាមដងផ្លូវ នៅចំណុចទល់មុខសួនច្បារវិមានឯករាជ្យ ដោយឲ្យពួកគាត់ដាក់សម្ភារលក់ដូរធ្វើយ៉ាងណាកុំឱ្យហៀរចូលមកលើចិញ្ចើមផ្លូវ ដែលនាំ ឲ្យមានការលំបាកក្នុងការធ្វើចរាចរណ៍របស់បងប្អូនអ្នកធ្វើដំណើរ និងម្យ៉ាងទៀតដើម្បីសោភ័ណភាពនៅក្នុងក្រុងរបស់យើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះលោកនាយរងការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់អាជីវករលក់ដូរក្នុងក្រុងកំពង់ឆ្នាំងទាំងអស់ សូមមេត្តាចូលរួមរក្សានៅសណ្ដាប់ធ្នាប់ក្នុងការលក់ដូរ ធ្វើយ៉ាងណាថែរក្សានូវបរិស្ថានល្អ និងសោភ័ណភាពល្អ ជាពិសេសការដាក់តាំងសម្ភារលក់ដូរត្រូវអនុវត្តទៅតាមការកំណត់របស់សមត្ថកិច្ច៕