(ពោធិ៍សាត់)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន៣៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើមុខជំនាញសំខាន់ៗចំនួន ១៦ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៦មុខមានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលទោចក្រយានយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ បោះពុម្ភធៀបការ អាវ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មសម្អាងកាយ ការដំឡើងនិងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការចញ្ចឹម និងថែទាំត្រីប្រា បច្ចេកទេសបណ្តុះផ្សិតអំបោះ បច្ចេកទេសបណ្តុះផ្សិតចំបើង។

វិទ្យាស្ថានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះ យុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ៕