(ព្រះសីហនុ)៖ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) នៅក្នុងខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ ដូច្នេះការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ គឺឲ្យកាន់តែមានកម្លាំងចិត្តថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចសំដៅលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលរដ្ឋាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

នេះជាប្រសាសន៍លោក ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរក្រុងព្រះសីហនុ ទទួលបានជ័យលាភីជាទីក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរ ក្រុងស្រុក ឃុំ សង្កាត់ ភូមិ មកពីបណ្ដាក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ អង្គការដៃគូ និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ ដែលត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកបច្ចេកទេស សហការជាមួយ គណៈកម្មការថ្នាក់ខេត្ត ធ្វើការវាយតម្លៃ ពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បញ្ជាក់ថា ជាក្រុង ត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខែសីហា ឆ្នាំ២០២៣កន្លងមក។

លោកបញ្ជាក់បន្ថែមថា «កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិបាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តផែនការយុទ្ឋសាស្ត្រជាតិ និងផែនការសកម្មភាពខេត្តស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញ សំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយ គុណភាព ប្រសិទ្ធភាពខ្ពស់»។

ការរៀបចំពិធីអបអរសាទរប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងព្រះសីហនុ បញ្ចប់ការបន្ទោបង់ពាស វាលពាសកាលនាពេលនេះ ជាសារមួយដើម្បីជំរុញស្មារតី និងការទទួលខុសត្រូវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅឡើយ ត្រូវបន្តរួមសហការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះឲ្យសកម្មបន្ថែមទៀត ដើម្បីឈានទៅ សម្រេចបានក្រុង-ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះលោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានលើកឡើងថា សកម្មភាពក្នុងការជំរុញឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ពីការបត់ជើងពាសវាលពាសកាល មកសាងសង់ និងប្រើប្រាស់បង្គន់អនាម័យដែលរហូត មកដល់ពេលនេះខេត្តព្រះសីហនុទាំងមូលទើបតែទទួលបានភូមិ ODF ចំនួន ១៥ ភូមិឃុំ ODF ចំនួន៤ និងក្រុងODF+មានចំនួន ១ប៉ុណ្ណោះ។

រដ្ឋបាលខេត្ត ដែលមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរ ស្រុក ឃុំនិងអង្គការដៃគូនានាត្រូវបន្តសហការគ្នា ជួយគាំទ្រលើវិស័យទឹកស្អាត និងអនាម័យជនបទបន្តទៀត ដើម្បីឲ្យខេត្តព្រះសីហនុទាំងមូល ទទួលបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាពិសេសដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាន ODFក្រុង ស្រុកចំនួន ៤ បន្ថែមទៀតនិងឈានទៅសម្រេចបាន ODF ទូទាំងខេត្ត៕