(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយចំពោះការវិនិយោគលើដំណាំកៅស៊ូរបស់វៀតណាមនៅកម្ពុជា។ សម្តេចធិបតី បានប្រកាសគាំទ្រ និងគាំពាររាល់ការវិនិយោគរបស់វៀតណាមនៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ជិន កុងខា ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ជួបសម្តែងការគួរសម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងជំនួបនេះ លោក ជិន កុងខា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម។ លោក ជិន កុងខា បានជម្រាបសម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាម្ព័ន្ធនានាមានជាអាទិ៍ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្លូវថ្នល់ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញឧស្សាហកម្មកៅស៊ូផងដែរ។
លោក ជិន កុងខា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន VRG និងបានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ដែលបានជួយដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យនេះ។
សម្តេចធិបតី ក៏បានបង្ហាញការគាំទ្រចំពោះទិសដៅរបស់ក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចគាំពារនានាដែលចាំបាច់។
សម្តេចធិបតី បានបញ្ជាក់ប្រាប់ក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់ការយកចិត្តទុកដាក់ជាប់ជានិច្ចរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា។
សម្តេចធិបតី ក៏បានលើកបង្ហាញអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ៕