(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលរៀបចំទ្បើងដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរចំពោះសមត្ថភាព និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី នៃកីឡារាំកម្ពុជា ដែលបានបង្ហាញនូវបច្ចេកទេសរាំដ៏ប៉ិនប្រសព្វ ព្រមទាំងបានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន បន្ដជួយគាំទ្រទាំងផ្នែកថវិកា, សម្ភារៈ, បច្ចេកទេស និងទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីបន្ដបេសកកម្ម និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ក្នុងវិស័យកីឡានេះ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកជំទាវបានមានប្រសាសន៍ទៀតថា ក្រោមម្លប់នៃសុខសន្ដិភាព ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ មានឱកាស និងជម្រើសច្រើន ទាំងពេលវេលា និងលទ្ធភាព ដើម្បីធ្វើការហ្វឹកហាត់កីឡា ដែលខ្លួនចូលចិត្ត ហើយបានវិវវឌ្ឍន៍ខ្លួនក្លាយជាធនធានដ៏ល្អសម្រាប់សង្គមរហូតមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ព្រមទាំងដណ្ដើមបានមេដាយកិត្តិយសជូនជាតិថែមទៀត។

ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានផ្ដាំផ្ញើដល់សហព័ន្ធកីទ្បារំាកម្ពុជា ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ឱ្យបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានប្រសើរ, ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពជាអ្នកតំណាង ដ៏ល្អរបស់កម្ពុជា ដើម្បីបង្កើតនូវការចងចាំពីបណ្តាមិត្តអន្តរជាតិ ក៏ដូចជារក្សាសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្ដាប្រទេសនានា សម្រាប់ការចូលរួមការប្រកួត នាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺបានរៀបចំទ្បើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីចំនួន ៥០ រូប មកពីក្លិបចំនួន ៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា៕