(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ សហភាពអឺរ៉ុប ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ លោករដ្ឋមន្ត្រីបាន លើកឡើងអំពីផែនការរបស់ក្រសួងដែលបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម សម្រាប់ ៥ឆ្នាំទៅមុខ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ជំហរ ឱ្យលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពិចារណាការផ្តល់ជំនួយឥតសំណងលើ ១៖ កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី២ (WAT4CAM-២) និង២៖ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)។

គួរបញ្ជាក់ថា កន្លងមកនេះ សហភាពអឺរ៉ុបបានជួយគាំទ្រគម្រោងវិស័យធនធានទឹកដែលអនុវត្តនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោង WAT4CAM។ ក្នុងនោះក៏មានការកសាង និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងការររៀបចំកសាងបណ្តាញកសិករប្រើប្រាស់ទឹក ដើម្បីធានានូវការប្រើប្រាស់ទឹកដោយនិរន្តភាព ដើម្បីបម្រើដល់គោលដៅកសិកម្ម។

លោកឯកអគ្គរដ្ឋទូតបានថ្លែងនូវការកោតសរសើរចំពោះការវិវត្តន៍នៃគម្រោង និងកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក និងបន្តទៅពេលខាងមុខ។ លោកឯកអគ្គរដ្ឋទូត បានលើកឡើងពាក់ព័ន្ធគណៈកម្មការទន្លេមេគង្គ ពីបញ្ហាប្រឈមទាក់ទងនឹងប្រទេសក្នុងតំបន់ទន្លេមេគង្គ ដោយសារការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនឹងពិនិត្យពិចារណា លើសំណើសុំជំនួយឥតសំណងលើ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ដោយបានសន្យានឹងពិភាក្សាជាមួយទីស្នាក់ការកណ្តាល ដើម្បីពិនិត្យលទ្ធនៃការស្នើសុំខាងលើ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុតភាគីទាំងពីរបង្ហាញនូវសុច្ឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឈានឡើង៕