(ភ្នំពេញ)៖ រហូតដល់នៅម៉ោង ៤៖៣០នាទី ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦នេះ សកម្មភាពប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ថ្ងៃដំបូងត្រូវបានបញ្ចប់ទៅដោយរលូន ដោយមានការ សហការរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការស្ម័គ្រចិត្ត ប្រមាណ ៦ពាន់នាក់។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្ងៃដំបូងនៃការប្រឡងនេះ មានបេក្ខជនអវត្តមានសរុប១២៨២ ក្នុងនោះស្រី៥១៩នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡង បន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។
លោកបានបន្ថែមថា ការប្រឡងនេះ មានដំណើរការទៅបានយ៉ាងល្អ ព្រោះតែគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ បានសហការអនុវត្តតួនាទីរបស់ខ្លួន រៀងៗខ្លួន។ លោកបន្ដថា ជាពិសេសបេក្ខជន មានការយល់ដឹងមកប្រឡង ដោយពុំមានសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិច នោះទេ ហើយមានតែតិចតួចបំផុត។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បាននិងកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងនោះបេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់ មានមណ្ឌលប្រឡង ១៥៧ ចែកចេញជា ៣,៧៨២ បន្ទប់ នៅរាជធានី-ខេត្តទាំង ២៥៕