(ភ្នំពេញ)៖ អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) តំណាងដោយលោក Ben Brett នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីន ជូនដល់លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។

អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង១០ ជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ១៩៩៦ ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២,០០០នាក់។ នៅប្រទេសកម្ពុជា អង្គការ SOS បានចាប់ផ្តើមក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ក្នុងឆ្នាំ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧នាក់ និងបានអប់រំដល់កុមារកម្ពុជាជាង ៥០០,០០០នាក់ រួមទាំងសហគមន៍រងផលប៉ះពាល់។

តំណាងអង្គការស្មារតីនៃអ្នកកីឡា លោក Ben Brett បានលើកឡើងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សុខសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សជុំវិញពិភពលោក ព្រមទាំងជាឃាតករសម្លាប់ និងធ្វើបាបដល់ជនស៊ីវិលស្លូតត្រង់ រួមទាំងកុមារ ដោយមិនរើសអើង។ បញ្ហាមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលមានលោកបណ្ឌិត លី ធុជ ជាអនុប្រធានទី១ បានលុបបំបាត់ការគំរាមកំហែងពីសហគមន៍ទូទាំងប្រទេស និងបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការកសាងសហគមន៍ឡើងវិញប្រកបដោយសុវត្ថិភាព និងសន្តិសុខ។

លោក Ben Brett បានថ្លែង​ថា ក្រៅពីការងារក្នុងសកម្មភាពមីន លោកបណ្ឌិត លី ធុជ ក៏ជាអ្នកគាំទ្រដ៏ស្រលាញ់មួយរូបរបស់អង្គការ Spirit of Soccer ក្នុងកម្មវិធីអប់រំកុមារអំពីគ្រោះថ្នាក់នៃគ្រាប់មីន។ ការប្តេជ្ញាចិត្តរបស់លោកបណ្ឌិត លី ធុជ ចំពោះសកម្មភាពមីន និងការគាំទ្រអង្គការ SOS គឺជាសក្ខីភាពបញ្ជាក់អំពីចរិតលក្ខណៈ និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យពិភពលោកកាន់តែល្អប្រសើរ។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា៖ «ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូនេះ មិនមែនសម្រាប់តែរូបខ្ញុំ និងស្ថាប័នអាជ្ញាធរមីនទេ វាគឺជាពានរង្វាន់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ច និងការទទួលបាននូវសមិទ្ធផលរួមគ្នារបស់រដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករ សប្បុរសជន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌដល់សកម្មភាពមីននៅកម្ពុជា ក្នុងការជម្នះរាល់បញ្ហាប្រឈមនានាបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»

ទេសរដ្ឋមន្រ្តី បានបន្តថា «ពានរង្វាន់នេះ គឺជាពានរង្វាន់កើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងការអភិវឌ្ឍ។ ជាងនេះទៅទៀត វាកើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះចក្ខុវិស័យរបស់សម្តេចក្នុងការបន្តការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ និងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន»

ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា សមិទ្ធផលរយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន គឹបានមកពីការរួមចំណែកគាំទ្រឥតឈប់ឈររបស់ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងនោះរួមទាំងអង្គការ SOS ដែលបានចូលរួមមកបំពេញការងារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ក្នុងកម្មវិធីបាល់ទាត់ និងការអប់រំយល់ដឹងអំពីមីនដល់កុមារកម្ពុជា និងសហគមន៍រងផលប៉ះពាល់ក្នុងការបង្ការទប់ស្កាត់ការរងរបួស ការស្លាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសហគមន៍ ដើម្បីបង្កើនសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ៕