(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសីរសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ស្រេង ធារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ូន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃកេីតហេតុជនសង្ស័យបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ដែលទុកនៅមុខតូបលក់ឥវ៉ាន់របស់ខ្លួនជាប្រចាំ លុះដល់វេលាកេីតហេតុស្រាប់តែបុគ្គលិកបានប្រាប់ថាជនរងគ្រោះថា ម៉ូតូដែលទុកនៅមុខតូបបានបាត់ ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបានហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាង ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕