(តាកែវ)៖ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនបាក់ដៃ របស់រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានប្រកាសច្រានចោលការចុះផ្សាយតាមបណ្ដាញសង្គមរបស់សារព័ត៌មាន និងគេហទំព័រមួយចំនួន ដែលបានចុះផ្សាយគ្មានការពិតថា ក្រុមមន្ត្រីតំបន់ច្រកទ្វារបាក់ដៃ កំពុងជាន់កឈ្មួញដោយតម្រូវឲ្យឈ្មួញវៀតណាមបង់លុយដល់សមត្ថកិច្ច ក្នុងមួយទូកចាប់ពី ៣០ម៉ឺនរៀលទៅ ៥០ម៉ឺនរៀល។

សេចក្តីបំភ្លឺរបស់ទីស្នាក់ការច្រកទ្វារត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបាក់ដៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការចុះផ្សាយព័ត៌មានខាងលើជាការ ចុះផ្សាយមានចរិតញុះញង់ឲ្យមានការរើសអើង និងមូលបង្កាច់ខុសពីការពិតជាពិសេសការចុះផ្សាយនេះគ្មានវិជ្ជាជីវៈសារព័ត៌មាន ព្រោះមិនបានចុះមកយកព័ត៌មាន ឬសម្ភាសន៍មន្ត្រីរាជការដែលជាកម្លាំងសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារតំបន់ព្រំដែនបាក់ដៃនិងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់នោះទេមុននឹងចុះផ្សាយ។

ស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបាក់ដៃបានបន្ថែមថា សមត្ថកិច្ចនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបាក់ដៃ មិនដែលបានជួបឈ្មួញទិញស្រូវជនជាតិវៀតណាម ឬឃាត់ទូកស្រូវដែលចូលមកទិញស្រូវ របស់ប្រជាកសិករខ្មែរក្នុងស្រុកអង្គរបុរីតាមច្រកបាក់ដៃម្ដងណាឡើយ។

កន្លងមកសមត្ថកិច្ចច្រកទ្វារបាក់ដៃទាំងអស់ ជាពិសេសលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ តែងតែប្រជុំណែនាំប្រាប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យខិតខំសម្របសម្រួលគ្រប់បែបយ៉ាងជូនអាជីវករអ្នកដឹកជញ្ជូនស្រូវទៅ ប្រទេសវៀតណាម ឲ្យបានរលូននិងឆាប់រហ័ស។

ចំពោះការចុះផ្សាយថាលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់បាក់ដៃ និងសមត្ថកិច្ចផ្សេងទៀតបង្ខំឈ្មួញទិញស្រូវជនជាតិវៀតណាមឲ្យបងប្រាក់ចាប់ពី ៣០ម៉ឺនទៅ៤០ ម៉ឺនរៀលក្នុងមួយទូក គឺជារឿងមិនពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះឈ្មួញទិញស្រូវទាំងអស់នោះមិនដែលបានជួបលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ និងសមត្ថកិច្ចច្រកទ្វារនោះទេ ហើយចំពោះការដឹកជញ្ជូនកសិផលស្រូវ ក៏មិនមានការបង់ពន្ធគយពន្ធនាំចេញឬកម្រៃសេវាផ្សេងៗឡើយ។

សេចក្ដីបំភ្លឺខាងលើក៏បានលើកឡើងដែរថា ក្នុងស្រុកអង្គរបុរីទាំងមូលក៏មិនមានការតវ៉ា ឬលើកឡើងដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះឡើយ ផ្ទុយទៅវិញពួកគាត់កំពុងរីករាយក្នុងការប្រមូលផលស្រូវ និងលក់ស្រូវរបស់ពួកគាត់ ក្នុងតម្លៃថ្លៃ ដែលបច្ចុប្បន្នស្រូវក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់ជាង ១៣០០រៀលឯណោះ ដូច្នោះការចុះផ្សាយអត្ថបទព័ត៌មានខាងលើ គឺជាការចុះផ្សាយគ្មានការពិតនិងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនបាក់ដៃប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះរដ្ឋបាលខេត្តតាកែវ រាជរដ្ឋាភិបាលនិងចំពោះជាតិមាតុភូមិ៕