(ហ្សឺណែវ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉មី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី «ការពង្រឹងការគាំពារសង្គម» នៅក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ស្ដីពី «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈបទអន្តរាគមន៍ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឱ្យដឹងថា នាពេលបច្ចុប្បន្ន កម្ពុជាជាប្រទេសមួយដែលឈានមុខគេក្នុងការចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិតាំងនៅ មុនគេនិងយូរជាងគេបង្អស់ ក្រៅពីនៅទីក្រុងហ្សឺណែវ និងបានទទួលយកអាណត្តិរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ និងកាតព្វកិច្ចនៃសន្ធិសញ្ញាផ្សេងៗ។ ប្រទេសកម្ពុជា ក៏ជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ស្នូលចំនួន៨ ក្នុងចំណោម៩។

តំណាងរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានបញ្ជាក់ថា ខុសពីអតីតកាលដ៏គួរឱ្យតក់ស្លុត (របបប្រល័យពូជសាសន៍ខ្មែរក្រហម) ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានសន្តិភាព ស្ថិរភាព កំណើនថាមវន្ត និងមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ប្រជាជនជាច្រើនលាននាក់ បានរួចផុតពីបន្ទាត់នៃភាពក្រីក្រ ទទួលនូវភាពរីករាយជាមួយនឹងជីវភាពសមរម្យ ទទួលបានការអប់រំ ទទួលបាន ការគាំពារសង្គមល្អប្រសើរ និងមានអាយុមធ្យមសង្ឃឹមរស់ពី៥៩ឆ្នាំ ទៅ៧៧ឆ្នាំ ដោយសារគុណូបការៈដ៏ធំធេងន នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធានសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា «រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ «ការពង្រឹងការគាំពារសង្គម» ត្រូវបានចាត់ទុកជាការងារអាទិភាព។ កម្ពុជានឹងផ្តោតលើការពង្រីកសេវាថែទាំសុខភាពដែលគ្រប់ដណ្តប់ប្រជាជន ៩លាននាក់ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារ ក្រីក្រចំនួន ១,៥លាននាក់ ការពង្រីកសេវាអ៉ីនធឺណិតដល់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីឆ្នាំ២០២៤ និងការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិនៅមុនឆ្នាំ២០៣០»

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកលនិងមិនអាចកាត់ផ្ដាច់បាន កម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការធ្វើការងារឱ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា៕