(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការហោះហើរត្រង់រវាងទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយខេត្តសៀមរាប ប្រទេសកម្ពុជា គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ដើម្បីជួយដល់ការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ទីដែលសម្តេចធិបតី កំពុងបំពេញទស្សនកិច្ចជាផ្លូវការ។
ក្នុងជំនួបនោះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម។ លោក ង្វៀន ថាញ់ ហ៊ុង បានជម្រាបសម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ។
លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាព។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដែលជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្តល់នូវកិច្ចគាំទ្រសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន៕