(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក៏ដូចជាបញ្ហាប្រឈមនានា ដែលអនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាន។

ពិធីនេះមានការចូលរួមសមាជិកក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក ការិយាល័យចំណុះ ជំនាញជុំវិញស្រុក មេឃុំ ជំទប់ទី១ ស្មៀនឃុំ អ្នកស្ម័គ្រចិត្តភូមិ ប្រធានមណ្ឌលសុខភាព វិស័យឯកជន នៃសេវាសុខាភិបាល ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្តគ្រប់វត្ត លោកនាយក នាយករងនៃវិទ្យាល័យទាំង៣ ក្នុងស្រុក. លោកនាយកបឋមសិក្សាក្នុងស្រុក និងសិស្សានុសិស្សកាកបាទក្រហម នៃវិទ្យាល័យទាំង៣។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលកន្លងមកតែងតែចូលរួមការងារសប្បុរសធម៌ជាមួយស្រុក និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាង សកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់លោក លោកស្រី គណៈកម្មាធិកាអនុសាខាកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គម ជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀតដោយមិនគិតពេលវេលាឡើយ។

លោក ហាក់ ម៉ុងហួត ក៏បានជំរុញដល់សមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក និងអ្នកស្ម័គចិត្តឃុំ ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មានដល់ជាបន្ទាន់ដើម្បីឆ្លើយតបបានទាន់ពេលវេលា។

លោកបានរំលឹកទៅដល់សមាជិកសមាជិកា នៃគណៈកម្មាធិការអនុសាខា អ្នកស្ម័គចិត្តឃុំសូមជួយចលនាកៀរគររកធនធានមូលនិធិដល់អនុសាខា ដើម្បីអនុសាខាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»