(សៀមរាប)៖ លោក សួង ម៉េងឡុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា នៅទីរួមខេត្តសៀមរាប។

ពិធីបើកសន្និសីទអាស៊ាននេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) នៃប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួន ១២០រូប។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក សួង ម៉េងឡុង, សន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសមាជិអាស៊ានទាំងអស់ ជាមួយដៃគូអភិវឌ្ឍ ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល រួមគ្នាក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ ក្នុងតំបន់អាស៊ាន ឲ្យសម្រេចបាន គោលដៅអាស៊ាន និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ «ដោយមិនទុក ស្ត្រី និងកុមារណាម្នាក់ ចោលឡើយ»