(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញលោកសាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យហាវឺដ និងលោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» មកចែករំលែកបទពិសោធន៍ ជូនបុគ្គលិករបស់ខ្លួន។

ការធ្វើបាឋកថានេះ បានប្រព្រឹត្ដទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានថ្លែងថា នេះជាឱកាសមួយដ៏ល្អសម្រាប់មន្ដ្រីបុគ្គលិករបស់ខ្លួនដែលសុទ្ធតែជាអ្នកដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាលបន្ថែមទៀត។ ជាពិសេសនេះវគ្គនេះ នឹងផ្ដល់ចំណេះដឹងបន្ថែមទៅលើលទ្ធភាពនៃការរកដំណោះស្រាយ និងចំណុចអាទិភាពលើចំណុចអាទិភាព។

ក្នុងការធ្វើបាឋកថាខាងលើនេះផងដែរ លោកស្រី Margaret Allison បានធ្វើបទបង្ហាញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំ ពិសេសបង្ហាញការអនុវត្ដន៍ការងារក្នុងភាពអ្នកដឹកនាំ និងអ្នកគ្រប់គ្រង ។

ចំណែកលោកសាស្រ្តាចារ្យ Dr. Michael Woolcock​ បានបង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាដោយផ្អែកលើការបំបែកជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រដំណើរការ(Ability) ដើម្បីស្វែងរកលំហនៃការផ្លាស់ប្តូរដែលធ្វើឱ្យដំណើរនៃអង្គភាពមានការអភិវឌ្ឍន៏ទៅមុខជានិច្ច។

ក្នុងឱកាសបិទបញ្ចប់នូវបាឋកថា លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវាគ្មិន ដែលបានចំណាយពេលវេលាក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែងនិងភាពជាអ្នកដឹកនាំ ដោយត្រូវចេះបទបែនធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍ស្ថាបន័សុខាភិបាល មានភាពផ្លាស់ប្តូររីកចម្រើនជានិរន្តន៍។

លោករដ្ឋមន្រ្តីក៏បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ។

គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមផ្ទាល់ដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធានអង្គភាពក្រោមឱវាទក្រសួង និងចូលរួមតាមអនឡាញហ្ស៊ូម ដោយមានប្រធានការិយាល័យ និងអនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត៕