(ហាណូយ, វៀតណាម)៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សា​ភិ​បាល​ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការ​ទូតផ្លូវ​ការ​ជាមួយ​គ្នា​រយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕