(ហាណូយ, វៀតណាម)៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣។ ពិធីនេះរៀបចំឡើង នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេច និងលោក ផាម មិញជិញ បានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម ឱ្យឡើងដល់ ២០ពាន់លានដុល្លារក្នុងពេលដ៏ខ្លីខាងមុខ ខណៈឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ១១ពាន់លានដុល្លារហើយ។
វេទិកាខាងលើនេះ គឺជាផ្នែកមួយគាំទ្រដល់គោលដៅខាងលើ។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេចសង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ៕