(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបពង្រីកបន្ថែមនូវក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានឯកភាពគ្នា តាមរយៈ MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ កន្លងមក ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ពិធីចុះ អនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាដោយលោក មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Lavan Thiru នាយកប្រតិបត្តិ នៃស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (IA)។

លោក មាស សុខសេនសាន បានលើកឡើងថា កម្មវិធីនយោបាយនីតិកាល ទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុងនោះរួមមានការប្រើប្រាស់យន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) នេះផងដែរ សម្រាប់ចូលរួមការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធសាធារណៈ និងលើកកម្ពស់គុណភាពសេវាសាធារណៈនៅកម្ពុជា។

លោកបានបន្តទៀតថា បន្ទាប់ពីច្បាប់ស្តីពី PPP ត្រូវបានប្រកាសឱ្យប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP) សម្រាប់ការរៀបចំអភិវឌ្ឍ និងគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន កាលពីខែសីហា ឆ្នាំ២០២២។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងបន្តកិច្ចសហការលើការគាំទ្រក្នុងការរៀបចំគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ដើម្បីសម្រេចកិច្ចការនេះ លោកបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ចូលរួមនិងផ្តល់កិច្ចសហការលើការរៀបចំសំណើគម្រោងវិនិយោគសាធារណៈ ដែលមានសក្តានុពលអនុវត្តតាមយន្តការ PPP។

សូមបញ្ជាក់ថា MOU នេះ មានសុពលភាពរយៈពេល ០២ ឆ្នាំ ដែលនឹងលើកកម្ពស់ និងពង្រីកវិសាលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលធ្លាប់មានកន្លងមក ដោយផ្តោតសំខាន់លើការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ប្រភពហិរញ្ញប្បទាន, និងការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិសាលភាពនៃកិច្ចសហប្រតិបត្តិការនៃ MOU ថ្មី នេះ គឺរាប់បញ្ចូលទាំងការកសាងសមត្ថភាព និងការរៀបចំអភិវឌ្ឍគម្រោង ដែលផ្តោតលើវិស័យសំខាន់ៗ រួមមានដូចជា៖ ការផ្គត់ផ្គង់ទឹកស្អាត, ការគ្រប់គ្រងសំណល់រឹង និងទឹកកខ្វក់, ថាមពលកកើតឡើងវិញ, ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន, ការដឹកជញ្ជូនក្នុងទីក្រុង, កំពង់ផែ, ភស្តុភារកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់, និងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕