(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងសហការជាមួយរដ្ឋាភិបាលប្រទេសអូស្រា្តលី ក្នុងកម្មវិធី Partnerships for Infrastructure (P4I) នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships - PPP) ដំណាលកាលទី២ នៅកម្ពុជា» ក្រោមកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្ស ក្នុងគោលបំណងបន្តពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងអាចចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្តការ PPP នៅកម្ពុជា។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យលើលទ្ធផល នៃសិក្ខាសាលាបណ្តុះបណ្តាលទី១ ដែលបានរៀបចំនិងប្រព្រឹត្តទៅដោយជោគជ័យ តាមការគ្រោងទុក។

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnerships - PPP) នៅកម្ពុជា ដំណាលកាលទី២ ត្រូវបានរៀបចំបែងចែកវគ្គបណ្តុះបណ្តាលដូចដំណាក់កាលទី១ ផងដែរ ដោយមានពីរកម្រិត សម្រាប់កម្រិតថ្នាក់ដឹកនាំ (Strategic Leaders) ដែលនឹងប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ, និងសម្រាប់កម្រិតមន្រ្តីគ្រប់គ្រងគម្រោង (Project Managers Level) នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពីតំណាងនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការរៀបចំអភិវឌ្ឍគម្រោង PPP, តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា និងតំណាងក្រុមការងារកម្មវិធី P4I ដើម្បីធ្វើការផ្សព្វផ្សាយ ចែករំលែក និងបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ដែលជាតួអង្គសំខាន់ក្នុងការអនុវត្តគម្រោងផ្ទាល់នៅតាមបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានយល់ដឹងបន្ថែមអំពីវដ្តនៃគម្រោង PPP, នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោង PPP, និងក្របខ័ណ្ឌនៃការអនុវត្តគម្រោងព្រមទាំងឧត្តមានុវត្តន៍អន្តរជាតិពាក់ព័ន្ធនិងគម្រោង PPP ។
សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕