(កំពង់ធំ)៖ ដើម្បីឆ្លើយតប ទៅនឹងសំណើរបស់ប្រជាពលរដ្ឋ ឃុំត្បូងក្រពើ និងឃុំកកោះ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីស្រែ ក្នុងបរិវេនអាងទឹក៥មករា (អតីតអាងទឹកក្នុងរបប ប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៩) ស្ថិតក្នុងត្បូងក្រពើ និងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋ៦០៤គ្រួសារ ដើម្បីសុំសិទ្ធិកាន់កាប់ធ្វើជាកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីសរុប៩៨៦ហិចតា។
លោក គង់ វិមាន បានលើកឡើងថា នេះមិនមែនចុះមកសម្រេច ឆ្វៀលកាត់ជូនឲ្យប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែចុះមកសិក្សា ហើយក្រុមការងារ និងចាប់អនុវត្តនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៦ ដោយមានមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ចុះសិក្សាបោះបង្គោលរួចរាល់ បានច្បាស់លាស់។
លោកអភិបាលរង បានបញ្ជាក់ថា ក្រុមការងារបានចុះសិក្សាដោយកំណត់លើទំនប់អាងរក្សាទុកប្រឡាយទឹក តាមជើងទំនប់ នៅត្រង់ចំណុចស្ទឹងស្លាប់ពី ភូមិពោធិខាវ ដល់ភូមិចុងដា ដែលមានប្រវែង៥,៥០០ម៉ែត្រ ដោយរក្សាទុកចំណីស្ទឹង ពីមាត់ស្ទឹងសងខាងប្រវែង៣០ម៉ែត្រ ផ្អែកតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥។ លោកបានបន្ថែមថា ក្រុមការងារនឹងធ្វើរបាយការណ៍ទៅ លោកអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ ដើម្បីប្រជុំពិភាក្សា ហើយធ្វើសំណើទៅរាជរដ្ឋាភិបាល ដើម្បីសុំការសម្រេច៕