(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមអធិបតីភាព លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ព្រមទាំងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរំលឹកនូវការផ្ដល់ការគាំទ្រ ដល់អ្នកផ្ទុកមេរោគអេដស៍ រំលឹកនូវសោកនាដកម្មនៃអ្នកស្លាប់ដោយសារជំងឺ អេដស៍ ព្រមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍរបស់មនុស្សជាតិ។ រហូតមកដល់ពេលនេះ បញ្ហាមេរោគអដេស៍ និងជំងឺអេដស៍ នៅតែជាគ្រោះគំរាមកំហែងដល់សុខភាពសាធារណៈនៅឡើយ។
នាឱកាសនោះ ក៏បានអំពាវនាវដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសក្រុមបុរសស្រឡាញ់បុរស មានការយកចិត្តទុកដាក់អោយបានខ្ពស់អំពីបញ្ហារួមភេទ និងការការពារ ដេីម្បីកាត់បន្ថយការឆ្លងនូវជំងឺអេដស៍ ព្រោះថាអត្រាអ្នកបានឆ្លងមេរោគអេដស៍ប្រមាណ៦០% ជាក្រុមបុរសស្រឡាញ់បុរស។
លោក ងី មាន ហេង បានបន្តថា យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា បានឲ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុប នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២០,៩៥២នាក់ ក្នុងនោះអ្នកមកទទួលសេវាប្រឆាំងមេរោគអេដស៍ មានចំនួន២៣,៨៩៣នាក់។
លោក សុឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បានឲ្យដឹងថា តាមការស្រង់មតិដោយគណៈកម្មាធិកាសម្របសម្រួលសកម្មភាពសុខភាព HACC គិតត្រឹម១១ ខែ ឆ្នាំ២០២៣នេះ ក្រុមការងារគណៈកម្មាធិការ បានចុះស្រង់មតិ និងធ្វេីការអប់រំពីបញ្ហាអេដស៍ដល់ប្រជាជនប្រមាណជាង៤មុឺននាក់ ហេីយមានប្រមាណ៣មុឺននាក់ បានស្ម័គ្រចិត្តទទួលសេវាធ្វេីតេស្ត ដែលបានបង្ហាញថា វិជ្ជមានជាង៨០០នាក់។
លោក អ៉ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានអោយដឹងថា តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានផ្ញើសារសំខាន់ៗ ជូនបងប្អូនជនរួមជាតិ ជាពិសេសយុវជនយើង រួមមាន៖
*ទី១៖ ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់ គោលការណ៍សមភាព និងបរិយាបន្ន
*ទី២៖ ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សា សុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី
*ទី៣៖ សូមបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំង មេរោគអេដស៍ឲ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់
*ទី៤៖ សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឲ្យបាន៤ដងមុន សម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើមពីសេវាសុខាភិបាល
*ទី៥៖ សូមបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ឡើយ
*ទី៦៖ សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឲ្យបានសម្រេចជោគជ័យ៕