(​ហាណូយ-វៀតណាម)៖ លោក​ស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារ ជាមួយលោក Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាការងារ រឹតចំណងសាមគ្គីភាព និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងវៀតណាម។

ជំនួបពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាកម្មនៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃ​ប្រទេសវៀតណាម នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ ធ្វើឡើងក្នុងឱកាសដែលលោក​ស្រី ចម និម្មល និងលោក ហែម វណ្ណឌី បានអមដំណើរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម​។

នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផលិតកម្មក្នុងវិស័យឧស្សាហកម្មកែច្នៃជាដើម។

ភាគីទាំងពីរបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងបី ពិនិត្យលទ្ធភាពសិក្សាលើទម្រង់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីអាចមានលទ្ធភាពក្នុងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលស្ថិតក្រោមដែនសមត្ថិកិច្ចរបស់ក្រសួងទាំងបី។

ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ឧស្សាហកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ​​។

សូមជម្រាបផងដែរថា ​ក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ ដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា-វៀតណាម ​បានសម្រេចឯកភាពគ្នាដាក់ចេញទិសដៅ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំង២ ឱ្យសម្រេចបានទឹកប្រាក់ ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុន​៕