(ភ្នំពេញ)៖ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីស្វាគមន៍សាធារណជន (IISPP Open House) កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីបង្កើតឱកាសជូនសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅថ្មីៗក្នុងការទទួលបានបទពិសោធន៍ជីវិត និងការងារជាក់ស្ដែងពីសំណាក់អតីតនិស្សិតឆ្នើមដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានផ្ទាល់ ក៏ដូចជាបង្កលក្ខណៈជូនពួកគាត់ និងអាណាព្យាបាលក្នុងការស្វែងយល់ស៊ីជម្រៅពីកម្មវិធីសិក្សារបស់វិទ្យាស្ថានផងដែរ។

លោកសាស្ត្រាចារ្យរង នាក់ចិន្តារិទ្ធិ នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានថ្លែងរំលេចនៅក្នុងកិច្ចពិភាក្សានៃ IISPP Open House ថា «ដើម្បីជោគជ័យក្នុងជីវិតការងារនិងសិក្សា និស្សិតចាំបាច់ត្រូវបង្កើនតម្លៃ (values) របស់ខ្លួន ដែលតម្លៃនេះមានសមាសធាតុសំខាន់ចំនួនបី ចំណេះ ជំនាញ និងចរិយាសម្បត្តិ»

នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈបានបង្ករលក្ខណៈងាយស្រួល និងផ្ដល់ជូននិស្សិតនូវទីកន្លែង ធនធានបញ្ញា សម្ភារៈ និងបរិយាកាសគាំទ្រ ដើម្បីបង្កើន និងបណ្ដុះតម្លៃនេះ។

ក្រោមប្រធានបទ «សាលារៀនខ្ញុំ អនាគតខ្ញុំ» កិច្ចពិភាក្សានេះជាផ្នែកស្នូលមួយនៃកម្មវិធីនាពេលព្រឹកដែលមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាអតីតនិស្សិតរបស់វិទ្យាស្ថានដែលកំពុងបម្រើការនៅតាមស្ថាប័នរដ្ឋនិងឯកជននានារួមមាន លោកស្រី គឹម គិនកេសា នាយិការងនៃក្រុមហ៊ុន CBRE Cambodia លោក សុខ ប៊ុនថន អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម និងលោក វង្ស សារ៉ាវុធ អ្នកសម្របសម្រួលគម្រោងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិស្សានុសិស្សប្រមាណជិត ២០០នាក់ ដែលចូលរួមយ៉ាងផុសផុលបានទទួលបទពិសោធន៍ទាំងចំណេះដឹង និងបំនិនជីវិតជាក់ស្តែងដែលអនុញ្ញាតឱ្យពួកគេស្គាល់ពីខ្លួនឯង និងត្រៀមខ្លួនបានពេញលេញសម្រាប់ការចាប់យកជំនាញដែលសាកសមនឹងខ្លួន។

អមជាមួយនឹងកិច្ចពិភាក្សាដ៏សំខាន់ខាងលើ សាធារណៈជនដែលបានអញ្ជើញចូលរួម IISPP Open House ក៏ទទួលបានឱកាសពិសេសក្នុងការទស្សនាការបង្ហាញពិរព័ណ៌ស្នាដៃផ្នែកសិក្សារបស់និស្សិតនៃវិទ្យាស្ថានទាំងថ្នាក់ជាតិ និងអន្ដរជាតិ ព្រមទាំងត្រូវបានទទួលរាក់ទាក់យ៉ាងកក់ក្ដៅក្នុងការសាកសួរ និងប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងតំណាងនិស្សិតស្ដីពីព័ត៌មានសិក្សាទូទៅ បរិយាកាសសិក្សា និងឱកាសការងារនាពេលអនាគត។ សិស្សានុសិស្សជាច្រើនក៏បានចាប់អារម្មណ៍សាកល្បងធ្វើការប្រឡងសាកល្បង (Placement Test) ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់ពួកគេក្នុងការត្រៀមប្រឡងចូលវិទ្យាស្ថាននាពេលខាងមុខ។ កម្មវិធីបន្តដល់ពេលរសៀល និងបញ្ចប់នាម៉ោង៧ល្ងាច ក្រោមបរិយាកាសអឺងកង ដោយមានស្តង់លក់អាហារ និងវត្ថុអនុស្សាវរីយ៍ អមដោយការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្ដពីសំណាក់អ្នកចូលរួមជាច្រើន។

បច្ចុប្បន្ននេះ វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ឬជាភាសាអង់គ្លេស Institute for International Studies and Public Policy បានបង្កើតឡើងនាឆ្នាំ២០២២ ជាតឹកតាងនៃការវិវត្តទៅមុខឥតឈប់ឈរ ដោយផ្ដើមដំបូងពីកម្មវិធីសិក្សាអន្តរជាតិ (ISP) បានបង្កើតឡើងនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ និងបន្ទាប់មកបានវិវត្តមួយដំណាក់កាលទៀតទៅជាដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ រហូតដល់ដំណាក់កាលចុងក្រោយនេះទៅជាវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈដ៏ធំមួយដោយមានអង្គភាពចំណុះមានដូចជា៖ ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ មជ្ឈមណ្ឌលសិក្សាអាស៊ី អាគ្នេយ៍ មជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១។

បច្ចុប្បន្ននេះវិទ្យាស្ថាន មានជំនាញសិក្សាកម្រិតបរិញ្ញាបត្រចំនួនបីធំៗគឺទី៖ ជំនាញទំនាក់ទំនងអន្តរជាតិ នៃដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ទី២៖ ជំនាញសេដ្ឋកិច្ច នៃដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ និងទី៣៖ ជំនាញវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ព្រមទាំងជំនាញសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញកិច្ចការអន្ដរជាតិ។

ទៅថ្ងៃអនាគតខាងមុខនេះវិទ្យាស្ថាននឹងពង្រីកកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញពីរទៀតគឺគោលនយោបាយសាធារណៈ និងសេដ្ឋកិច្ចនយោបាយអន្តរជាតិ។ នៅពេលនេះវិទ្យាស្ថានក៏កំពុងបើកដំណើរការលើការប្រឡងជ្រើសរើសនិស្សិត សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រលើជំនាញទាំងបី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងដែរ៕