(កែប)៖ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់មន្ដ្រីជំនាញនៃមន្ទីរសាធារណការខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះអប់រំណែនាំដល់អ្នកបើកបររថយន្ដ ពិសេសរថយន្ដធុនធំ នៅលើផ្លូវខេត្ត1335ស្ថិតក្នុងភូមិចំការចេក (តំបន់ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីរដ្ឋបាលស្រុកដំណាក់ចង្អើរ អាជ្ញាធរមូលដ្ឋាន តំណាងកងរាជអាវុធហត្ថ អធិការដ្ឋាននគរបាលស្រុក។
ក្នុងនោះក្រុមការងារបានរួមគ្នាចុះណែនាំ តម្រង់ទិសដល់អ្នកបើកបរតាមដងផ្លូវ ការប្រើប្រាស់ល្បឿន ការផ្ទុកដឹកលើសទម្ងន់ ការតទ្រុងខុសលក្ខណៈបច្ចេកទេស ការគ្របសំណាញ់ និងឯកសារដែលត្រូវភ្ជាប់ពេលបើកបរ (បណ្ណបើកបរ និងឈៀកជាដើម) ដល់រថយន្តបែនដឹកថ្ម ដី ធុនធ្ងន់ ចំនួន១៨គ្រឿង និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្តទាំងនោះអោយគោរពតាមច្បាប់កំណត់។
បន្ថែមពីនេះ ក៏បានផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ ដោយស្រង់យកមាត្រា៦០ មាត្រា៧៥ ជំពូកទី១១ ស្ដីពីទោសបញ្ញត្តិដល់អ្នកបើកបរគ្រប់រូប ក្នុងករណីប្រព្រឹត្តល្មើសផងដែរ៕