(កំពង់ស្ពឺ)៖ ដោយមើលឃើញពីការដឹកនាំ ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា លើកិច្ចការពារ កសាង និងអភិវឌ្ឍន៍មាតុភូមិ ប្រជាពលរដ្ឋ ៤០៩នាក់ មកពី ១៦ភូមិ នៃឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានស្ម័គ្រចិត្តចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរថែមទៀត។
ពិធីប្រកាសនេះបញ្ចូលសមាជិកថ្មីទាំង ៤០៩នាក់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ នៅស្នាក់ការបក្សឃុំ ជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក អ៊ុក កោសា អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយ តែងតែគិតគូរ ការពារ និងរស់នៅជាមួយប្រជាជន ហើយជួយដោះស្រាយ រាល់ទុក្ខលំបាក របស់ប្រជាជននៅគ្រប់កាលៈទេសៈជានិច្ច។
លោកបានបញ្ជាក់ថា ជាង ៣៧ឆ្នាំកន្លងមកនេះ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំប្រឹងប្រែង កសាងអភិវឌ្ឍប្រទេសជាតិចេញពី បាតដៃទទេ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ពិសេសការថែរក្សាការពារសន្តិសុខ សន្តិភាព ស្ថេរភាព និង ការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
លោក បានសង្កត់ធ្ងន់ថា គ្រប់សមិទ្ធិផលទាំងឡាយ ដែលកណបក្សប្រជាជនកម្ពុជា សម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយគណបក្ស មានការដឹកនាំត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព មានការគាំទ្រដ៏ធំទូលាយ ពីប្រជាជន មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានវិន័យម៉ឺងម៉ាត់ និងមានរបៀបរបបធ្វើការហ្មត់ចត់ មានធនធានមនុស្សច្រើនកុះករ ប្រកប ដោយគុណធម៌ សមត្ថភាព និង មនសិការទទួលខុសត្រូវ និងមានសាមគ្គី ឯកភាពដ៏រឹងមាំ។
លោកបណ្ឌិត អ៊ុក កោសា ក៏បានជំរុញឲ្យមន្ត្រីក្រុមការងារគណៈពង្រឹង គណបក្សប្រជាជន និងអាជ្ញាធរដែនដី កងកម្លាំង មានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ត្រូវចុះធ្វើការពិនិត្យ និងដោះស្រាយតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋរស់នៅភូមិ ឃុំទូទាំង ស្រុកឧត្តុង្គ ឲ្យបានទាន់ពេលវេលា ចំពោះជីវភាពរស់នៅប្រចំថ្ងៃ និងឧប្បត្តិហេតុផ្សេងៗ ជាពិសេសការយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់បង្ការបង្ក្រាបបទល្មើសនានា អំពើចោរកម្ម ក្រុមក្មេងទំនើង និងបញ្ហាគ្រឿងញៀនព្រមទាំងល្បែងស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះដែរ ប្រធានគណៈពង្រឹងការងារស្រុកឧត្តុង្គ បានឧបត្ថមថវិកាចំនួន ១០លានរៀល សម្រាប់ទូទាត់ថ្លងៃជីកស្រះទឹក និងបានឧបត្ថមវត្ថុអនុស្សាវរីយ៍ របស់លោកផ្ទាល់ និងលោកស្រី ជា ម៉ាលីន ជូនដល់ក្រុមប្រឹក្សាស្រុក ឃុំ និងសមា ជិកបក្សថ្មី ចំនួន៤០៩នាក់ ទុកជាអនុស្សាវរីយ៍៕