(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសមកពី ជប៉ុន, ចិន, និង កូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែសីហា ដើម្បីផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងបី ព្រមទាំងបញ្ហាទាំងក្នុងតំបន់និងអន្តរជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា ដែលជាអ្នកដឹកនាំកិច្ចប្រជុំខាងមុខនេះបានថ្លែងថា តាមពិតជប៉ុន គ្រោងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៅចុងខែសីហា ក៏ប៉ុន្តែដោយសារតែ ភាពតានតឹងក្នុងតំបន់រវាងចិន និងជប៉ុននោះ ទើបកិច្ចប្រជុំត្រូវធ្វើឡើងមុនកាលកំណត់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ជប៉ុនបានលើកឡើងថា ទំនាក់ទំនងរបស់ខ្លួនជាមួយនឹង ទីក្រុងប៉េកាំងបានប្រែជាតានតឹង ដោយសារតែការចល័តនាវាមកក្បែរប្រជុំកោះ ដែលជប៉ុន កំពុងគ្រប់គ្រងនៅក្នុងដែនសមុទ្រចិនខាងកើត។
ដោយឡែកសម្រាប់ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង គឺភាគីទំាងបីនឹងលើកឡើងនូវការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលទាំងជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែកំពុង ទទួលរងការគំរាមកំហែងដូចគ្នា ជាក់ស្តែងការបាញ់សាកល្បងគ្រាប់មីស៊ីលកូរ៉េខាងជើងកាលពីដើមខែសីហានេះ បានធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន ដែលមិនដែលធ្លាប់កើតមាននោះទេពីមុនមក។ អ្វីដែលពាក់ព័ន្ធជាមួយចិន ក្នុងរឿងនេះ គឺទីក្រុងប៉េកាំងជាមិត្តជិតស្និតនឹងទីក្រុងព្យុងយ៉ាង ហើយចិនពិតជាអាចដើរតួសំខាន់ ក្នុងការដោះស្រាយបញ្ហា៕