(ភ្នំពេញ)៖ អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានប្រតិកម្មជាខ្លាំងជាមួយសារព័ត៌មាន VOD មានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា បានផ្សាយបំផ្លើសខុសពីការពិតពាក់ព័ន្ធព្រៃឈើនៅភ្នំតាម៉ៅ។ អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance ចាត់ទុកការផ្សាយនេះថា មានចេតនាអាក្រក់ ដើម្បីកេងចំណេញផលប្រយោជន៍ ហើយបង្ខូចរូបភាពពិតរបស់អង្គការ។
ប្រតិកម្មរបស់អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានកើតមានឡើង បន្ទាប់ពី VOD បានផ្សាយពាក់ព័ន្ធព្រៃឈើនៅភ្នំតាម៉ៅ ដោយភ្ជាប់ជាមួយវីដេអូរបស់លោក Nick Marx ដែលជាអ្នកចាត់ការទូទៅរបស់អង្គការ។ ភ្ជាប់ជាមួយវីដេអូនេះ VOD បានដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា «លោក និក ម៉ាក បារម្ភពីអនាគតភ្នំតាម៉ៅក្រោយមានការឈូសឆាយថ្មី»។
លោក Nick Marx បានធ្វើសេចក្ដីថ្លែងការណ៍ខ្លីតែប៉ុណ្ណោះនៅឡើវីដេអូនោះ ដែលមានខ្លឹមសារដើមថា «ខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែចាំបាច់ត្រូវតែការពារព្រៃឈើ»។ ប៉ុន្តែអ្នកសារព័ត៌មាន VOD បានយកវីដេអូរបស់លោក Nick Marx ធ្វើជាប្រធានបទនៃរឿង ហើយបញ្ចេញបញ្ចូលទៅតាមការចង់បានរបស់គេ។
ក្នុងសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងការចុះផ្សាយនេះ អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានគូសបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់លោក Nick Marx ត្រូវបានយកទៅកាត់លាយឡំបញ្ចូលគ្នាឱ្យច្របូកច្របល់។
ក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា មែនទែនទៅ គ្មានការអភិវឌ្ឍថ្មីណាមួយនោះទេ ដោយវាគ្រាន់តែជាច្រករបៀងមួយ ដើម្បីសម្រួលដល់ការទប់ស្កាត់ ភ្លើងឆេះព្រៃរាលដាលចូលទៅដល់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតៅម៉ៅតែប៉ុណ្ណោះ។
«នេះគឺជាព័ត៌មានក្លែងក្លាយ ហើយយើងស្នើឱ្យ VOD កែតម្រូវវីដេអូនេះឡើងវិញ។ ការផ្សាយព័ត៌មាននាំឱ្យមានការយល់ច្រឡំលើសេចក្ដីថ្លែងការណ៍របស់អង្គការសម្ព័ន្ធសត្វព្រៃដោយ VOD គឺជារឿងមិនអាចទទួលយកបាន និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តយសរបស់អង្គការសម្ព័ន្ធសត្វព្រៃ។ VOD បានប្រើប្រាស់អ្នកចាត់ការរបស់យើងដើម្បីបិទបាំងគោលជំហរ របស់សកម្មជនការពារបរិស្ថានលោក Ma Chetra។ យើងសូមច្រានចោលទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍នេះ ហើយយើងស្នើឱ្យ VOD លុបចោលវីដេអូនេះ»។ នេះជាសេចក្តីថ្លែងការណ៍របស់អង្គការជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាដោយអង្គភាព Fresh News។
ក្នុងសេចក្តីថ្លែងការណ៍នេះ អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានបញ្ជាក់ថា ខ្លួនបានបំពេញការងារជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខារប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ២០០១មក។ រយៈពេល២២ឆ្នាំចុងក្រោយនេះ យើងបានចូលរួមក្នុងសកម្មភាពការពារព្រៃឈើ សង្គ្រោះសត្វព្រៃពីការជួញដូរ និងផ្ដល់សេវាមើលថែ ព្រមទាំងដោះលែងសត្វព្រៃដែលត្រូវបានរឹបអូស។ យើងពិតជាមានមោទនភាពណាស់ក្នុងការធ្វើដៃគូជាមួយក្រសួង ហើយយើងពិតជាអរគុណ ចំពោះព្រះរាជ្យក្រឹត្យកាលពីឆ្នាំមុន ដែលបានផ្ដល់ការការពារជាផ្លូវការដល់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ»។
ជាលទ្ធផលអង្គការសម្ព័ន្ធសត្វព្រៃបានជួយក្រសួង ដើម្បីសាងសង់របងប្រវែង ២០គីឡូម៉ែត្រនៅជុំវិញតំបន់ព្រៃឈើស្ថិតនៅក្រោមការការពារ និងដើម្បីសាងសង់ស្ថានីយផ្គត់ផ្គង់ទឹកសម្រាប់ផ្ដល់ទឹកសត្វព្រៃ ១៥០០ក្បាល។
ពាក់ព័ន្ធនឹងការផ្សាយរបស់ VOD ដែលជាប្រព័ន្ធផ្សព្វផ្សាយត្រូវបានលុបអាជ្ញាបណ្ណមិនឱ្យដំណើរការនៅកម្ពុជានេះ ត្រូវបានមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបញ្ជាក់ផងដែរថា ព្រៃដែលបានឈូសឆាយនោះ គឺជាការធ្វើផ្លូវសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ភ្នំតាម៉ៅ និងការពារភ្លើងឆេះព្រៃផងដែរ៕