(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងនៅមុខ​ប្រធានរដ្ឋសភារបស់វៀតណាមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី ដែលដឹកនាំដោយសម្តេចផ្ទាល់ នៅតែបន្តពូនជ្រុំទំនាក់ទំនងល្អជាមួយវៀតណាម ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក វឿង ឌិញហ្វេ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ជា​លើកទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម។

លោក វឿង ឌិញហ្វេ ក៏បានអបអរសាទរជូនចំពោះសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាត​គណៈកម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា។ ប្រធានរដ្ឋសភាវៀតណាម ក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ទទួល​បានការគាំទ្រសន្ធឹកសន្ធាប់ ដូចដែលឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេច​ធិបតីនាឱកាសនេះ គឺពិតជាបានចូលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិ​បត្តិការជាប្រពៃ​ណី​កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ប្រធានរដ្ឋសភាវៀតណាម បានសម្តែង​នូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា​នឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងជំនួបនេះ លោក វឿង ឌិញហ្វេ ក៏បានរំឭកអំពីអនុស្សាវរីយ៍ល្អៗ ដែលរូបលោកទទួលបានពីការ​ចូល​រួម​ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រមជា​មួយនឹងឱកាសនៃជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ​ពី​សំណាក់ប្រធានរដ្ឋសភាវៀតណាម។ សម្តេចធិបតី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជា​លក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ៥៦ឆ្នាំកន្លងមកនេះ។

សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ជូន​ចំពោះប្រធានរដ្ឋសភាវៀតណាម និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋសភាវៀតណាម ដែលបានផ្តល់​ការជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីគោលនយោបាយការបរទេសរបស់កម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់​រាជរដ្ឋាភិបាល​កម្ពុជាឈរលេីនិរន្តភាព​ និង​សង្គតិភាព​ ហេីយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត​ និងអង្គនីតិប្រតិបត្តិ​ ក៏ដូចជាទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបានផលប្រយោជន៍ទៅវិញទៅមក សម្រាប់​ប្រជា​ជាតិទាំងពីរ៕