(ភ្នំពេញ)៖ លោកស្រីសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់គិលានុបដ្ឋាក និងឆ្មបទាំងអស់ ត្រូវប្រកាន់ភ្ជាប់ពីក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត នៅរាល់ពេលដែលអ្នកជំងឺទាំងឡាយមករកការពិគ្រោះព្យាបាល និងសង្គ្រោះជាបន្ទាន់ ព្រោះគិលានុបដ្ឋាក និងឆ្មប គឺជាអ្នកដែលអាចកែលំអរលទ្ធផលរបស់អ្នកជំងឺឲ្យកាន់តែប្រសើរឡើង ដោយជៀសវាងការស្នាក់នៅក្នុងមន្ទីរពេទ្យយូរគ្រោះថ្នាក់ និងស្លាប់នៅក្នុងមន្ទីរពេទ្យ។
ការថ្លែងរបស់លោកស្រីសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺតាមរយៈពង្រឹងប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដែលប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារ ទន្លេបាសាក់២ ដោយមានសិក្ខាកាម ចំនួន១១១នាក់ មកពីតាមមន្ទីរពេទ្យ និងមណ្ឌល សុខភាពក្នុង២៥រាជធានីខេត្ត។
លោកស្រី អ៉ឹម សិទ្ធិការ្យ បន្តថា «គិលានុបដ្ឋាក និងឆ្មបដើតួនាទីយ៉ាងសំខាន់ ដែលមានភារកិច្ចក្នុងការការពារសុខភាព ការលើកកម្ពស់សុខភាព ការបង្ការជំងឺនិងគ្រោះថ្នាក់ កាត់បន្ថយការឈឺចាប់តាមរយៈការព្យាបាល និងការជួយផ្តល់ប្រឹក្សាចំពោះបុគ្គលម្នាក់ៗគ្រួសារ និងសហគមន៍។ ម៉្យាងវិញទៀតគិលានុបដ្ឋាក និងឆ្មបជាកំដែលច្រើនជាងគេតែមួយគត់នៅជាប់ជាមួយអ្នកជំងឺ ២៤ម៉ោងជាកំលាំងចលកររបស់ក្រសួងសុខាភិបាលក្នុងការចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា»។
«លើសពីនោះភារកិច្ចទាំងនេះហើយ យើងបានឃើញជាប្រាកដថា គិលានុបដ្ឋាក និងឆ្មប គឺជាអ្នកដែលអាចកែលំអរលទ្ធផលរបស់អ្នកជំងឺឲ្យកាន់តែប្រសើរឡើង ដោយជៀសវាងការស្នាក់នៅក្នុងមន្ទីរពេទ្យយូរ គ្រោះ ថ្នាក់ និងស្លាប់នៅក្នុងមន្ទីរពេទ្យ។ ទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបសាកល ២០២១-២០២៥ ដែលកំណត់ដោយអង្គការសុខភាពពិភពលោកផ្តោតលើ ភាពជាអ្នកដឹកនាំ ការផ្តល់សេវាដែលមានប្រសិទ្ធភាព អភិវឌ្ឍន៍ធនធានគិលានុបដ្ឋាក-ឆ្មប និងការបណ្តុះ បណ្តាលបន្ត និង សូមបន្តការសិក្សាទៅរកបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ឱ្យកាន់តែច្រើន»។
លោកស្រីបន្ដថា ក្នុងឆ្នាំ២០២៣ គិលានុបដ្ឋាក និងឆ្មបមានចំនួនប្រហែលជា៦០% បើប្រៀបធៀបទៅនឹងធនធានសុខាភិបាលទាំងមូល។ ហើយទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបក្នុងការកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ ២០២៤ខាមុខ គឺការអនុវត្តដោយផ្អែកលើភស្តុតាង និងគោលនយោបាយអាទិភាព ដែលអាចធានាបាននូវការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មប ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងគោលដៅសុខភាពប្រជាពលរដ្ឋផ្សេងៗទៀត។
ដូច្នេះលោកស្រីសូមឲ្យស្មារតីអង្គសិក្ខាសាលា ពិនិត្យមើលពីចំណុចដែលបានអនុវត្តល្អកន្លងមក និងស្វែងរកចំណុចដែលត្រូវកែលម្អរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពរួមចំណែកជាមួយនឹង កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាសំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្រប តាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជក់ពីតួនាទី និងភារកិច្ចចាំបាច់ដែលគិលានុបដ្ឋាក និងឆ្មបអនុវត្តពីពេលនេះទៅគឺ ទី១៖ ការអនុវត្តប្រកបដោយក្រមសីលធម៌, ទី២៖ ពង្រឹងភាពជាអ្នកដឹកនាំត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធថែទាំមានប្រធានថែទាំ និងអនុប្រធាននៅតាមមន្ទីរពេទ្យនីមួយៗ និងធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់, ទី៣៖ ការពង្រឹងការងារស្រាវជ្រាវ និងអនុវត្តដោយផ្អែកលើភស្តុតាង, ទី៤៖ រៀបចំផែនការសម្រាប់អនុវត្តប្រចាំឆ្នាំដើម្បីពង្រឹងការងារថែទាំ, ទី៥៖ អនុវត្តកិច្ចការប្រចាំថ្ងៃដោយផ្អែកតាមគំរូនៃការថែទាំដូចជា ដំណើរការថែទាំ ការថែទាំទាំងស្រុងនិងការថែទាំផ្តោតលើអ្នកជំងឺ-ល-, និងទី៦៖ លើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថិភាពរបស់អ្នកជំងឺ គាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ និងនីតិវិធីថែទាំដែលតម្រូវដោយស្តង់ដារទទួលស្គាល់គុណភាពនៃមន្ទីរពេទ្យកម្ពុជា និងស្តង់ដារទទួលស្គាល់គុណភាពនៃមណ្ឌលសុខភាពកម្ពុជា ដើម្បីធានាថាគុណភាពសេវាថែទាំត្រូវបានផ្តល់ជូនអ្នកជំងឺទាំងអស់៕