(ហាណូយ, វៀតណាម)៖ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម បានចាត់ទុក​ដំណើរ​ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសវៀត​ណាម ជាស្មារតីពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរ។

ប្រមុខរដ្ឋវៀតណាម បានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញ​ទស្សន​កិច្ច​​ផ្លូវការ​ជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ​ជាន់​ខ្ពស់រាជ​រដ្ឋា​ភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម។

ប្រមុខរដ្ឋវៀតណាម ក៏បានសម្តែងការអបអរសាទរសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មា​ធិ​ការ​កណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណ​បក្សប្រជាជនកម្ពុជា។ តាមរយៈលទ្ធផលនេះ បានបង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្ត​របស់គណបក្ស​លើសមត្ថភាពនៃការដឹកនាំរបស់សម្តេចធិបតី។

លោក វ៉ វ៉ាន់ធឿង ក៏បានសម្តែងការពេញចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជានៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្ត​ស្មារតីពង្រឹង​​​ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្ត​ភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

លោក វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់​ខ្លួន​កាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានរដ្ឋ​វៀត​ណាម។ សម្តេចធិបតី បានបញ្ជាក់ថា វៀតណាម ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេច​ធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

សម្តេចធិបតី បានជម្រាបជូនប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំពិភាក្សាជា​មួយ​នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ​សំខាន់ៗជាច្រើន ជាពិសេសការបង្កើតយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ​ទេសចរណ៍​ត្រីភាគី​កម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម។

លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផលនៃជំនួបពិភាក្សា​រវាងនាយក​រដ្ឋមន្ត្រីកម្ពុជា និងវៀតណាម។ ប្រមុខរដ្ឋវៀតណាម បានផ្តាំផ្ញើសួរសុខទុក្ខថ្វាយព្រះមហាក្សត្រ និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងជូនសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀត​របស់​កម្ពុជា។

ប្រមុខរដ្ឋវៀតណាម បានបញ្ជាក់ដែរថា លោករង់ចាំស្វាគមន៍ជានិច្ចនូវព្រះរាជដំណើរយាងបំពេញទស្សន​កិច្ច​ផ្លូវ​រដ្ឋរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសវៀតណាម នាពេលខាងមុខ៕