(កំពង់ចាម)៖ លោក មាស វិរិទ្ធ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម តំណាងលោកសន្តិបណ្ឌិតនេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចូលដ្ឋានខេត្តកំពង់ចាម រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានប្រគល់អំណោយជាម៉ូតូចំនួន០៨គ្រឿងដល់សិស្សនិទ្ទេសA ចំនួន០៨រូប នៅស្រុកកំពង់សៀម។

ពិធីនេះមានលោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងក្រុមការងារចូលរួមជាង៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។

លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរាយការណ៍ពីស្ថានភាពគណបក្ស ការងារអប់រំសិក្សាធិការ និងការរីកចម្រើនរបស់ស្រុកកំពង់សៀមក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្រ្តី នីតិកាលទី៦ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧។

ថ្លែងក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន នាឱកាសនោះ លោក មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាលជូនចំពោះបងប្អូនអ្នកកំពង់សៀមពិសេសក្រុមគ្រួសារក្មួយៗជាសិស្សពូកែប្រលងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេសA ដែលបានបីបាច់ថែរក្សាបុត្រធីតារបស់ខ្លួនក្លាយជាកូនល្អ ពលរដ្ឋល្អ។

ក្នុងឱកាសនោះដែរ លោក មាស វិរិទ្ធ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់នូវកិរិយាមាយាទជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ បន្តខិតខំរៀនសូត្រចាប់យកចំណេះជំនាញដើម្បីក្លាយជាធនធានដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ និងការពារខ្លួនឯង អប់រំក្រុមគ្រួសារ និងអ្នកជិតខាងកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។

សូមបញ្ជាក់ថា សិស្សទូទាំងខេត្តកំពង់ចាម បានប្រលងជាប់និទ្ទេស A សរុប ចំនួន១០៣នាក់៕