(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់បទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ដើម្បីការពារការបោះឆ្នោតនៅពេលខាងមុខឲ្យបានម៉ឺងម៉ាត់ ខណៈក្រុមអមិត្តនៅតែបន្ដចិញ្ចឹមចិត្តប៉ុនប៉ង់បង្កចលាចល និងលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជានីតិកាលថ្មី មិនចង់ឲ្យមានបញ្ហាណាមួយកើតឡើងនោះទេ ពិសេសពាក់ព័ន្ធការលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលមានចេតនាប៉ុនប៉ង់ឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោត ដូច្នេះត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការងារសន្ដិសុខ ហើយត្រូវក្ដាប់ឲ្យបានមុខសញ្ញាសង្ស័យ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ការប៉ុនប៉ង់ពីខាងក្រៅ ជាពិសេសការលូកដៃពីមិត្តជិតខាងរបស់យើងក៏នៅតែមាន មិត្តនេះមិនមែនមិត្តដែលគាត់ស្គាល់យើងទេ មិត្តជួរក្រៅរាជរដ្ឋាភិបាលគាត់ប៉ុនប៉ង់ ក្នុងការធ្វើឲ្យមានភាពវឹកវរក្នុងពេលបោះឆ្នោតខាងមុខនេះ។ ដូច្នេះសូមក្ដាប់ឲ្យបាននូវបញ្ហានេះ ហើយយើងមិនចង់បរាជ័យក្នុងនីតិកាលទី៧នេះទេ ដោយសារតែជានីតិកាលថ្មី ហើយរាជរដ្ឋាភិបាលគ្រប់គ្រងបាននូវការងារនេះ ប៉ុន្ដែចង់មិនចង់សូមឲ្យមានការសិក្សាដកស្រង់បទពិសោធន៍»

ឆ្លើយតបនឹងស្ថានភាពព្រឹត្តិការណ៍សំខាន់នៅចំពោះមុខនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

*ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវលើកកម្ពស់តួនាទី និងភាពទទួលខុសត្រូវក្នុងការដឹកនាំសម្របសម្រួលកម្លាំងក្រោមយន្ដការ រចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតរាជធានី-ខេត្ត និងផ្ដល់សេវាសន្ដិសុខ សុវត្ថិភាព គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។

ទន្ទឹមនឹងនោះ ត្រូវបន្ដយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ សន្ដិសុខនៅតាមបណ្ដាមូលដ្ឋានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះបន្ដជំរុញឲ្យបានខ្លាំងខ្លាបន្ថែមទៀត ក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព សំដៅពង្រឹងស្ថេរភាពសន្ដិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់ក្នុងសង្គម ឲ្យកាន់តែល្អប្រសើរ។

*ទី២៖ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលជាភ្នាក់ងារសន្ដិសុខបោះឆ្នោត ត្រូវមានភាពអព្យាក្រឹត និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ជាភ្នាក់ងារសន្ដិសុខបោះឆ្នោត ហើយត្រូវបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាដល់គ្រប់គោលដៅ និងមុខសញ្ញាដែលត្រូវការពារប្រកបដោយតម្លាភាព និងគ្មានភាពរើសអើង។

*ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់គ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របច្បាប់ ព្រមទាំងបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះបទល្មើសដែលបានកើតឡើង ជាពិសេសអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម អំពើហិង្សា ទំនាស់ ឬបាតុភាពនានា ដែលអាចប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គម។ រៀងរាល់បទល្មើសទាំងអស់ដែលបានកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការស្វែងរកជនល្មើស ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

*ទី៤៖ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវសហការ និងសម្របសម្រួលជាប្រចាំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ សង្គមស៉ីវិលពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ ក្នុងការផ្ដល់សេវាសន្ដិសុខ ព្រមទាំងការចូលរួមកិច្ចប្រជុំនានាដែលនឹងត្រូវរៀបចំដោយ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ ក្នុងគោលដៅជួបពិភាក្សាស្វែងយល់ និងដំណោះស្រាយសមស្រប រួមទាំងការចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយបញ្ហានានា ឬបាតុភាពផ្សេងៗនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។

*ទី៥៖ ត្រូវបន្ដយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់ សម្របសម្រួល ចំពោះដំណាក់កាលនៃការឃោសនាបោះឆ្នោត ព្រោះជាដំណាក់កាលតស៊ូខាងនយោបាយ ជាពិសេសពាក់ព័ន្ធការបញ្ចេញមតិ

*ទី៦៖ ដំណាក់កាលបោះឆ្នោត ក៏ដូចជារាប់សន្លឹកឆ្នោត ដែលដំណាក់កាលនេះក៏មានសារៈសំខាន់ផងដែរ ដូច្នេះគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ និងកងកម្លាំងការពារសន្ដិសុខទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវទទួលខុសត្រូវចំពោះកិច្ចការពារ និងត្រូវសហការឲ្យបានល្អជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពិសេសប្រធានការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត ដើម្បីគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមការិយាល័យនីមួយៗ។

ក្នុងនោះភ្នាក់ងារសន្ដិសុខបោះឆ្នោត ដែលការពារផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសមស្របសម្រាប់ការបោះឆ្នោត។ ជាមួយគ្នានេះកិច្ចការពារត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតសម្រាប់កម្មវិធី ក៏ដូចជាការងារមួយចំនួនធំៗ ដូចជាការដឹកជញ្ជូនសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ព្រមទាំងមានកំណត់ហេតុត្រឹមត្រូវនៃសន្លឹកឆ្នោត នៅតាមកន្លែងដែលបានកំណត់។

*ទី៧៖ ដើម្បីឲ្យការបោះឆ្នោតនីមួយៗទទួលបាននូវបរិយាកាសល្អប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសយន្ដការរចនាសម្ព័ន្ធសន្ដិសុខបោះឆ្នោតគ្រប់ថ្នាក់ ត្រូវផ្អែកទៅលើផែនការអន្ដរស្ថាប័ន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគ.ជ.ប គួបផ្សំជាមួយគោលការណ៍ និងផែនការដែលបានរៀបចំសកម្មភាពជាក់ស្ដែងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដូចជាការពង្រាយកម្លាំងភ្នាក់ងារសន្ដិសុខ ភ្នាក់ងារផ្សេងៗទៀត ក្នុងគោលដៅរក្សាឲ្យបាននូវភាពស្ងាត់ស្ងៀម ហើយនឹងនក្នុងពេលបោះឆ្នោត និងបន្ទាប់ពីការបោះឆ្នោត៕