(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារក្រីក្រចំនួន៣០គ្រួសារ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូ និងយកចិត្តទុកដាក់ចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជម្ងឺអេដស៍ និងជនរងគ្រោះនានា។
ជាក់ស្តែងថ្ងៃនេះអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន៣០គ្រួសារបន្ថែមទៀត ក្នុងសង្កាត់ជើងឯក។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានពាំនាំការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់លោកតាលោកយាយបងប្អូនទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការ ធ្វើអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ព្រមទាំងធ្វើលំហាត់ប្រាណ ដើម្បីបន្តរស់នៅបានយូរអង្វែងដើម្បីបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
អំណោយដែលយកទៅប្រគល់ជូនគ្រួសារក្រីក្រទាំង៣០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា ៣ម៉ឺនរៀល។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានចូលរួមរំលែកទុក្ខបុណ្យសពលោកយាយ ប៉ុក ឡៃ រស់នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក និងបានចូលរួមអង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា ចំនួន ៣០ម៉ឺនរៀល៕